ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អាមេរិក នឹងចូលរួមកិច្ចប្រជុំកំពូលរដ្ឋ សមាជិកណាតូ នៅអឺរ៉ុប ផ្តោតលើបញ្ហា អ៊ុយក្រែន

បរទេស ៖ លោកប្រធានាធិបតីរ៉ូមា Klaus Iohannis បានមានប្រសាសន៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងចូលរួមកិច្ចប្រជុំកំពូល នៃរដ្ឋជាសមាជិកណាតូ នៅអឺរ៉ុបខាងកើត ដែលប្រារព្ធធ្វើឡើង នៅក្នុងទីក្រុង Bucharest ជារដ្ឋធានី នៃប្រទេសរ៉ូម៉ា ដោយផ្តោតលើសន្តិសុខ នៅតំបន់សមុទ្រខ្មៅ និងប្រទេសអ៊ុយក្រែន ។

ជំនួបកំពូលនេះ តាមសេចក្តីរាយការណ៍ នឹងត្រូវបានរៀបចំរួមគ្នា ដោយលោក Klaus Iohannis និងលោកប្រធានាធិបតីនៃប្រទេសប៉ូឡូញ Andrzej Duda និងមានគោលដៅសម្របសម្រួល ដល់គោលជំហរសន្តិសុខ របស់បណ្ដាប្រទេសនៅក្នុងតំបន់ ។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅលើគណនីបណ្ដាញសង្គមធ្វីតធ័រ លោកប្រធានាធិបតីរ៉ូម៉ា បានមានប្រសាសន៍យ៉ាងដូច្នេះថា “រីករាយស្វាគមន៍លោក ចូ បៃដិន ចូលរួមកិច្ចប្រជុំកំពូល Bucharest9 ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Bucharest នាថ្ងៃនេះ” ។

លោកប្រធានាធិបតីរូបនេះ បានមានប្រសាសន៍បន្ថែមថា “រួមគ្នាជាមួយលោកប្រធានាធិបតី Andrzej Duda នោះ យើងក៏ស្វាគមន៍ចំពោះលោក Jens Stoltenberg ក្នុងដំណើរត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំកំពូលណាតូ ដោយផ្តោតសំខាន់លើចំណងមិត្តភាព អន្តរអាត្លង់ទិក ណាតូ២០៣០ កិច្ចការពារនិងការទប់ស្កាត់លើផ្នែក ខាងកើត” ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top