កីឡា

លោកគ្រូ ឆយ យ៉ុងសុក និងកីឡាករតេក្វាន់ដូ WT កម្ពុជា ចេញដំណើរចូលរួមវគ្គជម្រុះ ការប្រកួតកីឡាអូឡាំពិតូក្យូទ្វីបអាស៊ី នៅហ៊្សកដង់

ភ្នំពេញ៖កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ លោកគ្រូ ឆយ យ៉ុងសុក និងកីឡាករតេក្វាន់ដូ WT កម្ពុជា វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ ក្រោម៨០គីឡូក្រាមបានធ្វើដំណើរចាកចេញពីកម្ពុជាទៅប្រទេសហ្ស៊កដង់ចូលរួម ការប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិតូក្យូទ្វីបអាស៊ី “Asia qualification Tournament for Tokyo 2020 Olympic Game ” នៅប្រទេសហ៊្សកដង់ដែលប្រព្រឹត្តជាផ្លូវការចាប់ផ្តើមពីថ្ងៃទី១៧-២៥ ខែឧសភា ឆ្នាំ២០២១។

លោក ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT តំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុនរដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ខេមរសហព័ន្ធកីឡា តេក្វាន់ដូWT បានមានប្រសាសន៍ថា ជំនួសមុខឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុនប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT នាពេលនេះលោកគ្រូ ឆយ យ៉ុងសុក បានដឹកនាំក្រុមជម្រើសជាតិកម្ពុជាបានចេញដំណើរពីកម្ពុជា កាលពីយប់មិញ ដើម្បីទៅចូលរួមការប្រកួតជម្រុះអូឡាំពិកនៅប្រទេសហ្ស៊កដង់។

លោកបានបន្តថា កម្ពុជាយើងបានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៤នាក់រួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ ចំណែកកីឡាការិនី ថិប កាសាន់ទ្រីនីកូល កូនខ្មែររស់នៅសហរដ្ឋអាមេរិកប្រកួតក្នុងប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ ក្រោម៨០គីឡូក្រាម។

ចំណែកពួកគាត់នឹងទៅដល់ប្រទេសហ្ស៊កដង់យប់នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ដោយសារតែកីឡាករ វ៉ា មិថុនា ប្រកួតនោថ្ងៃទី២១ រីឯថិប កាសាន់ទ្រីនីកូល ប្រកួតនោថ្ងៃទី២២ ខែឧសភា។

ចំពោះទ្វីបអាស៊ីយើងគណៈកម្មការតេក្វាន់ដូ WTជ្រើសរើសយកតែ២នាក់ គឺកីឡាករ២នាក់ និងកីឡាការិនី២នាក់ ដោយមួយប្រភេទទម្ងន់ មានកីឡាករ១៦នាក់ និងកីឡាការិនី១៦នាក់មានសិទ្ធិចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក តូក្យូនៅប្រទេសជប៉ុន៕

Most Popular

To Top