បរទេស ៖ សមត្ថភាព របស់អង្គការណាតូ រៀបចំអនាគតរបស់ខ្លួន គឺ ជាកម្មវិធីមួយមាន ឈ្មោះថា NATO 2030 គឺជាការផ្តោត នៃជំនួបកំពូល មានរយៈពេលមួយថ្ងៃ របស់ក្រុមរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសសមាជិក ណាតូ នៅក្នុងទីក្រុង ព្រួចសែល កាលពីថ្ងៃអង្គារ ។
យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ផែនការ ដែលត្រូវបានគេរៀបចំឡើង នៅក្នុងខែវិច្ឆិកា ក្នុងឯកសារមាន៦៦ ទំព័រនោះ គឺសង្កត់ធ្ងន់ លើការសម្របខ្លួន ការត្រៀមលក្ខណៈកើនឡើង និងការវិនិយោគ ដើម្បីរក្សាភាព ពាក់ព័ន្ធគ្នា ។
នៅក្នុងជំនួបកំពូលនោះ ប្រធានគណៈកម្មការយោធាណាតូ លោក Stuart Peach បានលើកឡើងថា ប្រទេសរុស្ស៊ី ជាការគម្រាមកំហែងដ៏ចម្បង ចំពោះតំបន់អឺរ៉ុប និងអាត្លង់ទិក ប៉ុន្តែបានធ្វើការកត់សម្គាល់ថា ប្រទេសចិន ក៏ជាគ្រោះថ្នាក់ដ៏ធំមួយផងដែរ ។
នៅពេលចាប់ផ្តើម នៃជំនួបកំពូលនោះ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ចាប់តាំងពីឆ្នាំ២០១៤ មក យើងបានអនុវត្តការ ពង្រឹងបន្ថែមនូវកិច្ចការពារ រួមគ្នាដ៏ធំបំផុត ហើយយើងបានពង្រឹង គោលជំហរយោធា របស់យើង ចាប់ពីតំបន់សមុទ្របាលទិក រហូតដល់សមុទ្រខ្មៅ” ៕
ប្រែសម្រួល៖ប៉ាង កុង