សិល្បៈ និង កម្សាន្ត

កញ្ញាឌួង ហ្សូរីដា ទម្លាយពីភាពឈឺចាប់ និងការមើលងាយ អតីតកាលការងារ របស់នាង ធ្លាប់ជានារីបម្រើលើយន្តហោះ

ភ្នំពេញ៖ កញ្ញា ឌួង ហ្សូរីដា ដែលទស្សនិកជន ស្គាល់ច្បាស់ថា ជាតារសម្ដែង និងជាពិធីការិនី ដ៏មានប្រជាប្រិយភាពម្នាក់ ក្នុងប្រទេស កាលពីពេលថ្មីៗ បានទម្លាយអតីតកាលដ៏លំបាក និងភាពឈឺចាប់ កាលពីនាងនៅបំពេញការងារជា នារីបម្រើលើយន្តហោះ (បាហុនិកា) ។

តាមរយៈទំព័រហ្វេសប៊ុក តារាស្រីនិយមសម្លៀក បំពាក់ប្រណីខ្មែររូបនេះ បានរៀបរាប់អំពីក្ដីសុបិន្តតាំង ពីតូចរបស់នាង ដែលចង់ក្លាយជានារី បម្រើលើយន្តហោះ ឬបាហុនិកា ហើយជាលទ្ធផលក្ដីសុបិន្តក៏ ក្លាយជាការពិត ដោយនាងបានក្លាយជានារីបម្រើលើយន្តហោះ ពិតប្រាកដមែន គឺបានមកពីសមត្ថភាព សុខភាពការខិតខំប្រឹង តស៊ូ ជំនះរាល់គ្រប់ឧបសគ្គ ។

ជាមួយគ្នានេះដែរ ឌួង ហ្សូរីដា ក៏បានលើកពីមតិមួយចំនួន ដែលធ្លាប់ ពោល មើលងាយទៅលើការងារ របស់នាងដែលជានារីបម្រើ នៅលើយន្តហោះហើយយ៉ាងដូច្នេះថា “អស្ចារ្យអ្វី អ្នកបម្រើលើយន្តហោះ ដូចតែអ្នករត់តុធម្មតាដែរហ្នឹង” ។

ទាក់ទងនឹងពាក្យមួយឃ្លានេះ អាតីតបេក្ខភាពកញ្ញាឯកសាប៊ូលុច្សរូបនេះ បានឆ្លើយតបថា ជាការពិតណាស់ ការងារបម្រើនៅលើយន្តហោះ មិនសូវគ្នាពីការងាររត់តុធម្មតា ប៉ុន្មានទេ ប៉ុន្តែទំរាំបានធ្វើការងារនេះ ពួកយើងត្រូវការរៀនសូត្រ ទន្ទេញមេរៀន ត្រូវស្គាល់គ្រប់ឧបករណ៍ ត្រូវចេះវិធីសង្រ្គោះបឋម ត្រូវចេះវិធីជំលៀស និង ការងារលំបាកជាច្រើនទៀត សំខាន់សុខភាពពីចុងសក់ដល់ចុងជើងត្រូវតែល្អ ១០០% ។ ហើយបើទោះជាមានឈ្មោះជាអ្នកបម្រើមែន ប៉ុន្តែជាអ្នកបម្រើកាលីពលើ ព្រោះបម្រើតែភ្ញៀវលើយន្តហោះប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយ នៅលើសំណេរឃ្លា ចុងក្រោយរបស់ ឌួង ហ្សូរីដា ក៏បានពោលពាក្យយ៉ាងដូច្នេះថា “ចាំបានថាខ្ញុំត្រូវយំជាច្រើនដង ស្ទើរទ្រាំមិនបានចង់ឈប់នឹងការងារនេះ តែសួរថាតើមាននារីប៉ុន្មាននាក់ទៀតដែលចង់មានឱកាសបានប្រលងជាប់ដូចយើងអត់?… ខ្ញុំតែងតែមានមោទកភាពនូវអ្វី ដែលខ្ញុំមាន ភាពលំបាកនៃការងារ ធ្វើឱ្យ ខ្ញុំក្លាយជាមនុស្សស្រីម្នាក់ ដែលរឹងមាំរហូតដល់ពេលនេះ..!!! អរគុណការលំបាកទាំងឡាយ ដែលធ្វើអោយខ្ញុំប្រជែងនឹងអ្នករហូតខ្ញុំទទួលជោគជ័យ..!” ។

គួរឱ្យដឹងផងដែរថា ដំបូងឡើយកេរ្តិ៍ឈ្មោះរបស់កញ្ញា ឌួង ហ្សូរីដា បានធ្វើឱ្យមហាជនស្គាល់ច្បាស់គឺតាមរយៈអាជីពជាពិធីការិនី តាម បណ្តា ស្ថានីយ ទូរ ទស្សន៍ ធំៗ ជា បន្ត បន្ទាប់ រួម មាន ស្ថានីយ ទូរ ទស្សន៍ អប្សរា ប៉ុស្តិ៍ លេខ ៥ ប៉ុស្តិ៍ លេខ ៩ ទូរ ទស្សន៍ ជាតិ ទូរទស្សន៍ CTN និង បាយ័ន ហើយ ចុង ក្រោយ នេះ គឺ ស្ថានីយ ទូរ ទស្សន៍ អាស៊ី អាគ្នេយ៍ ។ នាងធ្លាប់បាន បញ្ជាក់ ថា ឱកាស ដែល នាង ទទួល បាន នោះ គឺ ជាការខិតខំ ដោយ ភាព អត់ ធ្មត់ និងឧស្សាហ៍ ព្យាយាម ដោយខ្លួនឯង និងការផ្តល់ ឱកាស ឱ្យ ពីបណ្តាអ្នកគ្រប់គ្រង អ្នកកាន់ កម្មវិធី គ្រប់ស្ថានីយ ទាំងអស់ ៕

ដោយ៖ ម៉ានី

Most Popular

To Top