សិល្បៈ និង កម្សាន្ត

ព្រឹទ្ធាចារ្យសិល្បៈករ អ្នកនិពន្ធទំនុកចម្រៀង ប្រចាំផលិតកម្មហង្សមាស ស៊ុំ សារឿន ទទួលមរណភាព ដោយរោគាពាធ

ភ្នំពេញ៖ លោក ស៊ុំ សារឿន ដែលជាអ្នកចម្រៀងជើងចាស់ ដែលបច្ចុប្បន្នជាអ្នកនិពន្ធទំនុកចម្រៀងប្រចាំផលិតកម្ម ហង្សមាស បានទទួលមរណភាព កាលពីវេលាម៉ោង ១១:២០នាទីថ្ងៃត្រង់ ថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ ។ នេះបើយោងតាមការបង្ហោះផ្សាយ នៅលើគណនីហ្វេសប៊ុករបស់អ្នកនាង ខាត់ សុឃីម ។

លោក ស៊ុំ រឿន គឺ ជាព្រឹទ្ធាចារ្យសិល្បៈករមួយរូប ដែលមុន ពេលធ្វើមរណកាល លោកបានចូលរួមបណ្ដុះបណ្ដាល យុវតារាចម្រៀង ជំនាន់ក្រោយតាមរយៈកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក ដូចជា Cambodian idol និង The Voice ជាដើម ។ ហើយបច្ចុប្បន្ននេះ មានបទចម្រៀងជាច្រើនបទដែលលោកបាននិពន្ធ និងផ្ញើតាមសំនៀង របស់តារាចម្រៀងស្ទើរគ្រប់រូប ក្នុងផលិតកម្មរស្មីហង្សមាស ។

យ៉ាងណាក៏ដោយ ត្បិតតែមានចាស់ទៅហើយក្ដី ក៏លោក ស៊ុំ រឿន ជារឿយៗ បានបង្ហាញខ្លួននៅលើឆាកកម្មវិធីតន្ត្រីចម្រៀងគ្រួសារខ្មែរ ជាមួយសិល្បៈករ សិល្បៈការិនីរួមជំនាន់ និងជំនាន់ក្រោយ ដោយបានបកស្រាយបទចម្រៀង បានយ៉ាងពីរោះរណ្ដំ មិនចេញកាលពីជាង ២០-៣០ ឆ្នាំមុនឡើយ ។

សូមបញ្ជាក់ថា លោក ស៊ុំ រឿន បានឱ្យធ្វើទស្សនិកជាច្រើនស្គាល់ តាមរយៈបទចម្រៀងខ្សែរឿងរបស់ផលិតកម្មរស្មីហង្សមាស កាលពីជាង ១០ ឆ្នាំមុន ដូចជាចម្រៀងខ្សែរឿង “ម៉ាក់ថឺង” និង “ទុំទាវ” ជាដើម ។

មរណភាពរបស់សិល្បៈករជើងចាស់រូបនេះ ក៏បានធ្វើមានការសោកស្ដាយយ៉ាងខ្លាំង ពីសំណាក់សិល្បៈករ សិល្បៈការិនីជំនាន់ក្រោយ ត្បិតតែលោកគឺជាធនធានមនុស្ស ក្នុងសង្គមសិល្បៈដ៏កម្រ នាពេលបច្ចុប្បន្ន ៕

ដោយ៖ ម៉ានី

Most Popular

To Top