វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួននឹងដាក់ពន្ធលើប្រទេស ចំនួន ៦ ដូចជាអង់គ្លេស និងឥណ្ឌា ជុំវិញពន្ធ របស់ពួកគេលើក្រុមហ៊ុន បច្ចេកវិទ្យាអាមេរិក ប៉ុន្តែបានកត់សម្គាល់ថា សកម្មភាពនេះនឹងត្រូវបានធ្វើឡើង ចំពេលមានកិច្ចចរចា ដែលកំពុងបន្ត លើពន្ធអន្តរជាតិ។
សេចក្តីប្រកាសពីការិយាល័យ តំណាងពាណិជ្ជកម្ម អាមេរិក បានធ្វើឡើងបន្ទាប់ ពីមានការស៊ើបអង្កេតមួយ ដែលបានចាប់ផ្តើម កាលពីខែមិថុនា ឆ្នាំមុនចូលទៅក្នុងពន្ធសេវាឌីជីថលដែលត្រូវបានពិចារណា ឬអនុម័តដោយដៃគូពាណិជ្ជកម្មអាមេរិក – អូទ្រីស ប្រេស៊ីល អង់គ្លេស សាធារណរដ្ឋឆែក សហភាពអឺរ៉ុប ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី អេស្ប៉ាញ និងតួកគី ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា សហរដ្ឋអាមេរិក មើលឃើញថាពន្ធបែបនេះជាការព្រួយបារម្ភ ព្រោះពួកគេអាចដាក់ បន្ទុកក្រុមហ៊ុន អាមេរិក ដូចជា Apple Inc និង Google LLC ។
នៅខែមករា ឆ្នាំនេះ USTR បានកំណត់ថា ពន្ធដែលបានអនុម័តដោយអូទ្រីស អង់គ្លេស ឥណ្ឌា អ៊ីតាលី អេស្ប៉ាញ និងតួកគី បានរើសអើងក្រុមហ៊ុនឌីជីថល សហរដ្ឋអាមេរិក និងមិនត្រូវគ្នា នឹងគោលការណ៍ នៃការយកពន្ធអន្តរជាតិ។
USTR បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ខ្លួនកាលពីថ្ងៃពុធថា “ការប្តេជ្ញាចិត្តចុងក្រោយ នៅក្នុងការស៊ើបអង្កេតទាំងនោះ គឺដើម្បីដាក់ពន្ធបន្ថែមលើ ទំនិញមួយចំនួន ពីប្រទេស ទាំងនេះ” ។
ប៉ុន្តែពន្ធគយនឹងត្រូវផ្អាករហូតដល់ ១៨០ថ្ងៃ ដើម្បី ផ្តល់ពេល វេលាបន្ថែម ដើម្បីបញ្ចប់ការ ចរចាពហុភាគី ដែលកំពុងបន្ត ស្តីពីការយកពន្ធអន្តរជាតិ នៅអង្គការ ដើម្បីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងនៅក្នុងក្រុម នៃដំណើរការទាំង២០៕