កីឡា

កម្ពុជា​ បន្តចាញ់អ៊ីរ៉ាក់ ១ទល់៤ បន្ទាប់ពីចាញ់បារ៉ែន ០ទល់៨ នៃ ការប្រកួត 2022 FIFA World Cup qualification – AFC Second Round ទ្វីបអាស៊ីជុំទី២

ភ្នំពេញ ៖ បន្ទាប់ពីប្រកួតចាញ់ ក្រុមម្ចាស់ផ្ទះបារ៉ែន ០ទល់៨ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបន្ត ចាញ់ក្រុមជម្រើសជាតិអ៊ីរ៉ាក់ ដោយលទ្ធផល ១ទល់៤ នៃការប្រកួតសន្សំពិន្ទុ ក្នុងពូល C ជុំទី២នៃ 2022 FIFA World Cup qualification – AFC Second Round ទ្វីបអាស៊ីជុំទី២ កាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាននៃប្រទេសបារ៉ែន សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ (FIFA World Cup Qatar 2022) ។

នៅតង់ទី១ ក្រុមអ៊ីរ៉ាក់បាននាំមុខលើក្រុមកម្ពុជា ៣ទល់០ ដោយធ្វើសម្រេចនាទីទី១, នាទីទី២៣ និងនៅនាទី២៧ ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ ។ ចូលដល់ដើមវគ្គទី២ នៅនាទី៥៥ ក្រុមកម្ពុជា តាមបាន១គ្រាប់វិញ ១ទល់៣ ដែលធ្វើសម្រេច ដោយកីឡាករ សឿយ វិសាល ដោយប្រើក្បាលបញ្ជូនបាល់ បញ្ជូលទីបានយ៉ាងល្អ បន្ទាប់ពីទាត់បាល់ Free Kick ចេញពីកីឡាករ សេត រ៉ូស៊ីប ។

ក្រុមអ៊ីរ៉ាក់ធ្វើសម្រេច បានគ្រាប់ទី៤ របស់ខ្លួននៅជិតបញ្ចប់ ការប្រកួតទៅហើយនាទី៩០បូក៣ ដែលកីឡាករអ៊ីរ៉ាក់ តែតបញ្ជូលទីបានសម្រេច បន្ទាប់ពីបញ្ជូនបាល់ជ្រុង បានយ៉ាងល្អពីមិត្តរួមក្រុម ។ ចប់ការប្រកួត ក្រុមអ៊ីរ៉ាក់ បានយកឈ្នះក្រុមកម្ពុជា ដោយលទ្ធផលបច្ចេកទេស ៤ទល់១ ។
ជ័យជម្នះនេះ បានធ្វើឲ្យក្រុមអ៊ីរ៉ាក់រកបាន៣ពិន្ទុបន្ថែម ដោយឡើងទៅឈរលើកំពូលតារាង បណ្តោះអាសន្ន ក្នុងពូល C បន្ទាប់ពីឆ្លង កាត់៦ប្រកួត ឈ្នះ៤ និងស្មើ២ មាន១៤ពិន្ទុ ខណៈ៧ប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ស្មើ១ប្រកួត និងចាញ់៦ប្រកួត មាន១ពិន្ទុ ឈរនៅលេខ៥ ក្នុងចំណោម៥ ក្រុមក្នុងពូល Cនេះ។ ចំពោះក្រុមអ៊ីរ៉ង់ និងក្រុមបារ៉ែន កំពុងក្តោបក្តាប់ចំណាត់ថ្នាក់លេខ២ និងលេខ៣បណ្តោះអាសន្ន ដោយមាន១២ពិន្ទុស្មើៗគ្នា ។ ក្រុមកម្ពុជានៅសល់១ប្រកួតចុងក្រោយ ដោយត្រូវប៉ះជាមួយក្រុមខ្លាំងអ៊ីរ៉ង់ នាថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ នៅកីឡដ្ឋាន នៃប្រទេសបារ៉ែននេះដូចគ្នា ៕ដោយ៖លី ភីលីព

Most Popular

To Top