ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ បង្វែរប្រាក់ជាង ២ពាន់លានដុល្លារ ក្នុងការចំណាយ លើជញ្ជាំងព្រំដែន ឲ្យទៅគម្រោងយោធា

បរទេស៖ រដ្ឋបាលលោក បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះ បានប្រកាសផែនការបង្វែរប្រាក់ ចំនួន២,២ពាន់លានដុល្លារ ក្នុងថវិកាដែលពីមុន ត្រូវបានកំណត់សម្រាប់ការកសាង ជញ្ជាំងរបងព្រំដែន ឲ្យប្រើប្រាស់សម្រាប់ការចំណាយ លើគម្រោងរបស់ក្រសួងការពារជាតិវិញ។

សេចក្តីប្រកាសនេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើង ក្រោយរយៈពេលជិត៦ខែ បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ ស្នើឲ្យផ្អាកការសាងសង់ ជញ្ជាំងរបងតាមព្រំដែន។
មន្ទីរបញ្ចកោណ បាននិយាយថា ប្រាក់ទាំងនោះ នឹងប្រើប្រាស់ទៅលើគម្រោងយោធា ចំនួន៦៦ នៅក្នុងរដ្ឋចំនួន១១ អាណាខេត្តចំនួន៣ និងប្រទេសចំនួន១៦ ហើយនៅក្នុងចំណោមនោះ គឺគម្រោង៧៩លានដុល្លារ សម្រាប់ជួសជុល សាលាបឋមសិក្សា នៅក្នុងប្រទេសអាល្លឺម៉ង់ សម្រាប់កូនរបស់យោធាអាមេរិក នៅទីនោះ។

ក្រៅពីនោះ គម្រោងវរសេនាតូចផ្នែកវិទ្យុទាក់ទង ២៥លានដុល្លារ នៅក្នុងរដ្ឋការ៉ូលីណាខាងជើង ប្រាក់២៥លានដុល្លារ សម្រាប់ធ្វើទំនើបកម្មសម្ភារៈនិងបុគ្គលិកយោធា នៅមូលដ្ឋានកងទ័ពអាកាស Tyndall ក្នុងរដ្ឋផ្លរីដា និងប្រាក់១០ដុល្លារ សម្រាប់ពង្រីកទីលាន មីស៊ីលមួយកន្លែង នៅមូលដ្ឋានយោធា Fort Greely ក្នុងរដ្ឋអាឡាស្កា៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top