កីឡា

សហព័ន្ធខ្មែរកីឡាហែលទឹក បង្ហាញសមាសភាពអត្តពលិក ចូលរួមកីឡាអូឡាំពិកក្រុងតូក្យូ

ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ចេញឈ្មោះកីឡាករ-កីឡាការិនីដែលត្រូវចេញទៅចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិករដូវក្ដៅនៅទីក្រុងតូក្យូប្រទេសជប៉ុនជាផ្លូវការហើយចំនួន២រូប និងគ្រូបង្វឹកម្នាក់ ដោយសារតែទទួលបានការអនុគ្រោះពី សហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA)។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា ការចូលរួមប្រកួតកីឡាអូឡាំពិកនេះកម្ពុជាមិនបានចូលរួមប្រកួតជម្រុះឡើយ ព្រោះកម្ពុជាបានចូលរួមដោយការអនុ គ្រោះ (Wild Card) ចំណែកការចូលរួមប្រកួតដោយការអនុគ្រោះបែបនេះសហព័ន្ធកីឡាហែលទឹកអន្តរជាតិ(FINA)អនុញ្ញាតិឲ្យលេងតែមួយវិញ្ញាសាប៉ុណ្ណោះគឺវិញ្ញាសាហែលចម្ងាយ៥០ម៉ែត្ររបៀបសេរី ។

ប្រសិនបើកម្ពុជាបានចូលរួមដោយធ្វើការប្រកួតជម្រុះនោះនឹងអាចលេងបានច្រើនវិញ្ញាសា សម្រាប់ការចូលរួមដោយការអនុគ្រោះបែបនេះគេអនុញ្ញាតិឲ្យលេងតែវិញ្ញាសាហែល៥០ម៉ែត្ររបៀបសេរីប៉ុណ្ណោះ។ សម្រាប់កម្ពុជាសហព័ន្ធបានត្រូវបានគេអនុញ្ញាតិឲ្យកីឡាករមួយរូបកីឡាការិនីមួយរូប និងគ្រូបង្វឹកមួយរូបចូលរួម បន្ទាប់ពីការធ្វើតេស្តិ៍លើសមត្ថភាពទាំងកីឡាករ និងកីឡាការិនីជាច្រើនលើកច្រើនសារមកនោះសហព័ន្ធសម្រេចបញ្ជូនកីឡាករ ហែម ប៉ុច និង កីឡាការិនី ម៉ីលី មុយនីក ចូលរួម និងគ្រូបង្វឹក លោក ហែម ថុនពន្លឺ។

កីឡាករ ហែម ប៉ុច គឺជាកីឡាករនៅក្នុងស្រុកខ្មែរយើងនេះទេ ចំពោះកីឡាការិនី ម៉ីលី មុយនីក មកពីអាមេរិក ព្រោះកីឡាការិនីរូបនេះជាកូនកាត់ខ្មែរ-អាមេរិក ។ កីឡាការិនី ម៉ីលី មុយនីក រស់នៅអាមេរិកមែន សហព័ន្ធបានធ្វើតេស្តិ៍លើសមត្ថភាពរបស់នាងតាមអនឡាញ គឺគាត់ពិតជាកីឡាការិនីមួយរូប មានជំនាញហែល៥០ម៉ែត្ររបៀបសេរីតែម្ដង ។

ចំពោះកីឡាករ ហែម ប៉ុច ក៏មានជំនាញហែលលើវិញ្ញាសា៥០ម៉ែត្ររបៀបសេរីដែរ ក្រោយការធ្វើតេស្តិ៍ជាច្រើនលើកមកនោះ កីឡាកររូបនេះស្ថិតក្នុងចំណាត់ថ្នាក់លើគេរហូតមិនតែប៉ុណ្ណោះ ហើយកីឡាកររូបនេះមានចិត្តអំណត់ក្នុងការហ្វឹកហាត់ណាស់ ទោះបីក្នុងស្ថានភាពមេរោគ COVID-19 កំពុងតែរាតត្បាតក៏ពិតមែនក៏គេមិនដែលបោះបង់ចោលការហ្វឹកហាត់ដែរ ។

ចំពោះគ្រូបង្វឹកដែលនឹងត្រូវដឹកនាំទៅចូលរួមប្រកួតកីឡាអូឡាំពិកនោះគឺអតីតកីឡាករជម្រើសជាតិកម្ពុជាដែលធ្លាប់បានចូលរួមប្រកួតកីឡាអូឡាំពិកនោះជាអ្នកដឹកនាំទៅ ៕ដោយ៖លី ភីលីព

Most Popular

To Top