ភ្នំពេញ៖ស្ថានីយ៍ទូរទស្សន៍ CNC សហការជាមួយនឹងសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រកាស កម្មវិធីប្រដាល់ថ្មីមួយទៀតដែលមានឈ្មោះថា “មីស៊ីលថាមពលអ្នកប្រយុទ្ធគុនខ្មែរ” នឹងត្រូវចាប់ផ្តើមសកម្មភាពរបស់ខ្លួន ហើយនៅសង្វៀន CNC ឬស្សីកែវ ហើយកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរមួយនេះ បានបង្កើតឡើងជំនួសកម្មវិធីចាស់ដែលតែងតែ ប្រព្រិត្តធ្វើឡើងនៅរៀងរាល់ថ្ងៃអាទិត្យចាប់ពីវេលាម៉ោង ១១:០០ ដល់ម៉ោង ១៣:០០ រសៀល។
បើតាមអ្នកចាត់ចែងកម្មវិធីប្រដាល់របស់ CBS លោក ម៉ា ស៊ីថេត បានថ្លែងឲ្យដឹងថា កម្មវិធីប្រកួត “មីស៊ីលថាមពលអ្នកប្រយុទ្ធគុនខ្មែរ” នឹងជ្រើសរើសគូប្រកួតដែលជាកីឡាករគុនខ្មែរល្អៗយកមកប្រកួតគ្រប់កម្រិតប្រភេទទម្ងន់មិនថា ទីជិតឬឆ្ងាយ ហើយតាមរយៈកម្មវិធីនេះដែរលោកក៏នឹងព្យាយាមបណ្តុះបណ្តាល កីឡាករគុនខ្មែរពន្លកថ្មីយកមកប្រកួតជារៀងរាល់សប្តាហ៍ ដើម្បីឱ្យពួកគេកាន់តែមានបទពិសោធន៍ប្រកួតស្ទាត់ជំនាញឲ្យក្លាយជាកីឡាករ ដែលមានសមត្ថភាពពិតប្រាកដ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះលោកនឹងប្រើប្រាស់សង្វៀននៃកម្មវិធីមួយនេះមកធ្វើជាកន្លែងប្រកួតសម្រាប់កីឡាករ ដែលត្រៀមប្រកួតលក្ខណៈអន្តរជាតិដូចជាការប្រកួតត្រៀមខ្លួនសម្រាប់ព្រិត្តិការណ៍ ស៊ីហ្គេម ជាដើម។
ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ ដែលជាមរតកកេរ្តិ៍ដំណែលដូនតាអ្នករៀបចំ ការប្រកួតខាងលើក៏បានធ្វើការអំពាវនាវឲ្យប្រជាជានកម្ពុជាគ្រប់រូបចូលរួមតាមដានទស្សនាការប្រកួតមួយនេះតាមរយៈស្ថានីយ៍ទូរទស្សន៍ CNC ដែលធ្វើការផ្សាយផ្ទាល់ជារៀងរាល់សប្តាហ៍និងតាម Facebook Page ផ្លូវការណ៍របស់ CNC តាមពេលវេលាដូច ដែលបានជម្រាបជូនខាងលើ៕ដោយ៖លី ភីលីព