បរទេស ៖ កិច្ចព្រមព្រៀង កងកម្លាំងទស្សនកិច្ច ដែលរក្សាកងទ័ព សហរដ្ឋអាមេរិក នៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃចន្ទសប្ដាហ៍នេះ ត្រូវបានបន្តរយៈពេលចំនួន៦ខែ ថែមទៀត នេះបើតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI ។
ប្រធានាធិបតីហ្វីលីបីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ បានប្រកាសផែនការ លុបចោលកិច្ចព្រមព្រៀងនោះ កាលពីខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែដំណើរការ នៃការលុបចោល ត្រូវបានជាប់គាំង ដោយសារតែការរាតត្បាត នៃជម្ងឺកូវីដ១៩ និងការគម្រាមកំហែងដ៏ខ្លាំងក្លាថ្មី ពីប្រទេសចិន នៅដែនសមុទ្រចិនខាងត្បូង ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀង VFA ដែលត្រូវដល់ពេលផុតកំណត់ នៅក្នុងខែសីហា ឆ្នាំ២០២១នេះ គឺជាទម្រង់ស្របច្បាប់ សម្រាប់វត្តមាន របស់កងទ័ពអាមេរិក នៅក្នុងប្រទេសហ្វីលីពីន ក៏ដូចជាសម្រាប់ សហសមយុទ្ធយោធា រវាងប្រទេសទាំងពីរ និងការធ្វើដំណើរ របស់នាវាចម្បាំងអាមេរិក មកកាន់កំពង់ផែហ្វីលីពីន ។
ការបន្តបន្ថែមនេះ គឺត្រូវបានធ្វើឡើង ក្រោយលោក Jose Manuel Romualdez ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅហ្វីលីពីន បានមានប្រសាសន៍ថា មន្ត្រីរបស់ប្រទេសទាំងពីរ បានធ្វើការងារធ្វើឲ្យកាន់ តែប្រសើរឡើង នូវកិច្ចព្រមព្រៀង VFA នោះ និងក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីថ្នាំវ៉ាក់សាំងកូវីដ១៩ ចំនួន២,២លានដូស បានបញ្ជូនពីសហរដ្ឋអាមេរិក មកដល់ប្រទេសហ្វីលីពីន ៕ ប្រែសម្រួល៖ប៉ាង កុង