ព្រុចសែល៖ លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់សហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានឲ្យដឹងថា ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងសហភាពអ៊ឺរ៉ុប ស្ថិតនៅក្នុងកម្រិតមួយទាបបំផុត ហើយភាពជាដៃគូថ្មី ដែលអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ គឺជា“ ទស្សនវិស័យវែងឆ្ងាយ” ។
លោកបានលើកឡើងថា ខណៈពេលដែលប្រទេសរុស្ស៊ី នៅតែជាប្រទេសជិតខាងធំបំផុត របស់សហភាពអឺរ៉ុប និងជាតួអង្គពិភពលោកដ៏សំខាន់“ ជម្រើសគោលនយោបាយដោយចេតនានិងសកម្មភាពឈ្លានពានរបស់រដ្ឋាភិបាល រុស្ស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្កើតឱ្យមានទម្រង់អវិជ្ជមាន” នៅក្នុងទំនាក់ទំនង។ លោកបានបន្ថែមថា ការធ្លាក់ចុះនៃទំនាក់ទំនងដែលមាន“ នៅកម្រិតទាបបំផុត គឺជា ទស្សនវិស័យ ដែលទំនងបំផុត សម្រាប់ពេលបច្ចុប្បន្ននេះ” ។
លោកបានប្រាប់សន្និសីទសារព័ត៌មានមួយនៅពេលលោក បានចាប់ផ្តើមផែនការសកម្មភាពរបស់ប្លុក នៅក្នុងបញ្ហានេះថា “មហិច្ឆតារបស់យើងគួរតែស្វែងរកផ្លូវ ដែលអាចជួយផ្លាស់ប្តូរសក្ដានុពលបច្ចុប្បន្ន ទៅជាទំនាក់ទំនងដែលអាចព្យាករណ៍បាន និងមានស្ថេរភាពជាងមុន។ សហភាពអឺរ៉ុប នឹងដកការរឹតត្បិត និងចូលរួមជាមួយរុស្ស៊ី ដោយផ្អែកលើការយល់ដឹងរួមដ៏រឹងមាំអំពីគោលបំណង និងវិធីសាស្រ្ត។
ដើម្បីបន្ថែមផលប្រយោជន៍ផ្ទាល់ខ្លួនសហភាពអឺរ៉ុប គួរតែចូលរួមជាមួយ រុស្ស៊ី លើបញ្ហាប្រឈមសំខាន់ៗ មួយចំនួន។ សហភាពអ៊ឺរ៉ុប បានឲ្យដឹងនៅក្នុងការប្រាស្រ័យទាក់ទងរួមគ្នាមួយ ដែលត្រូវបានអនុម័ត នៅថ្ងៃពុធម្សិលមិញនេះថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្ហាញនូវការចាប់អារម្មណ៍ជាទូទៅ សម្រាប់ការចូលរួមក្នុងន័យស្ថាបនា នៅក្នុងសុខភាពសាធារណៈ។
លោក Borrell បានបន្ថែមថា “នេះគឺជាក្របខ័ណ្ឌនៃសកម្មភាព។ វាអាស្រ័យលើឆន្ទៈនយោបាយ ដើម្បីអនុវត្តវា ប៉ុន្តែវាល្អណាស់ប្រសិនបើយើងអាចមានការគាំទ្រជាឯកច្ឆន្ទពីក្រុមប្រឹក្សាសហភាពអឺរ៉ុប ស្ថាប័នអឺរ៉ុប និងរដ្ឋជាសមាជិក” ។
ទំនាក់ទំនងអឺរ៉ុប – រុស្ស៊ី បានឈានដល់កម្រិតទាបថ្មីមួយ បន្ទាប់ពីប្លុករដ្ឋទាំង ២៧ បានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ជុំវិញការចាប់ខ្លួនលោក Alexei Navalny អ្នករិះគន់វិមានក្រឹមឡាំង។ ទីក្រុងមូស្គូ បានវាយបកទៅវិញ ដោយអះអាងថាករណីនេះ គឺជារឿងក្នុងស្រុកសុទ្ធសាធហើយអន្តរាគមន៍បរទេសមិនត្រូវបានអនុញ្ញាតនោះទេ៕