បរទេស ៖ ប្រធានាធិបតីនៃប្រទេសហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ នាពេលថ្មីៗនេះ បានព្រមានចាប់ដាក់ពន្ធនាគារ ចំពោះប្រជាជន ហ្វីលីពីនណាមួយ ដែលបដិសេធមិនព្រម ទទួលការចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI ។
នៅក្នុងអំឡុងថ្លែងសុន្ទរកថា ផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ លោក ឌូតឺតេ បានពិពណ៌នាការរាតត្បាត នៃជម្ងឺកូវីដ១៩ថា ជាវិបត្តិមួយ និងជាភាពអាសន្នថ្នាក់ជាតិ ដោយលោកនិយាយថា អ្នកទាំងឡាយណា ដែលបដិសេធមិនព្រមទទួល ការចាក់ថ្នាំវ៉ាក់សាំង នឹងត្រូវជាប់ពន្ធនាគារ ឬក៏និរទេស ។
លោកប្រធានាធិបតីហ្វីលីពីនរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “អ្នកជ្រើសរើស ទទួលចាក់ថ្នាំវ៉ាក់សាំង ឬក៏ខ្ញុំនឹងចាប់អ្នកដាក់ពន្ធនាគារ។ ខ្ញុំសូមប្រាប់អ្នកថា ពន្ធនាគាររបស់ប៉ូលិសទាំងនោះ គឺកខ្វក់និងមានក្លិនស្អុយ ហើយប៉ូលិសយឺតយ៉ាវក្នុងការសម្អាត នោះជាទីដែលអ្នកនឹងនៅ” ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា អ្នកទាំងឡាយណា ដែលមិនប្រាថ្នានឹងចាក់ថ្នាំវ៉ាក់សាំង គួរតែធ្វើដំណើរចាកចេញពីប្រទេសហ្វីលីពីន ហើយទៅកន្លែងណាមួយផ្សេងទៀត ដែលរួមមានទាំងប្រទេសឥណ្ឌា ឬក៏សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន មានធ្វើការប្រឹងប្រែងជាខ្លាំង ក្នុងការចាក់ ថ្នាំវ៉ាក់សាំង ដោយក្នុងពេលបច្ចុប្បន្ននេះ មានប្រជាជនហ្វីលីពីនក្រោម ២ភាគរយប៉ុណ្ណោះ បានចាក់ថ្នាំវ៉ាក់សំាងរួច ៕ ប្រែសម្រួល៖ប៉ាង កុង