ព័ត៌មានអន្តរជាតិ

ចិនថ្កោលទោស ការធ្វើដំណើរនាវា ចម្បំាងអាមេរិក កាត់តាមច្រកសមុទ្រ តៃវ៉ាន់

បរទេស ៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានថ្កោលទោស សហរដ្ឋអាមេរិកនៅថ្ងៃពុធនេះ ថាជាអ្នកបង្កើតហានិភ័យ សន្តិសុខដ៏ខ្លាំងក្លា នៅក្នុងតំបន់ ក្រោយនាវាចម្បាំង អាមេរិកមួយគ្រឿង បានធ្វើដំណើរម្តងទៀត កាត់តាមច្រកសមុទ្រ ដែលខ័ណ្ឌចែកកោះតៃវ៉ាន់ និងប្រទេសចិន ។

កងនាវាលេខ៧ របស់ទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា នាវាពិឃាតសមត្ថភាពមីស៊ីល USS Curtis Wilbur ប្រភេទ Arleigh Burke បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់តាមប្រក្រតីធម្មតា កាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយអនុលោម ទៅតាមច្បាប់អន្តរជាតិ ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន SWI នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា កងនាវាលេខ៧ទ័ពជើងទឹក អាមេរិកបាននិយាយយ៉ាងដូច្នេះថា “ការធ្វើដំណើរ ឆ្លងកាត់ របស់នាវាតាមច្រក សមុទ្រតៃវ៉ាន់ បង្ហាញឲ្យឃើញ ពីការប្តេជ្ញា របស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលមានភាពសេរីនិងបើកចំហ” ។

ទីបញ្ជាការភាគខាងកើត នៃកងទ័ពរំដោះប្រជាជនចិន បាននិយាយថា កងកម្លាំងរបស់ខ្លួន បានធ្វើការឃ្លាំមើលនាវានោះដែលធ្វើដំណើរតាមផ្លូវរបស់វា និងបានធ្វើការព្រមានវាផងដែរ ។

ទីបញ្ជាការចិននេះ តាមសេចក្តីរាយការណ៍ បាននិយាយយ៉ាងដូច្នេះថា “ភាគីសហរដ្ឋអាមេរិក កំពុងតែមានចេតនា លេងល្បិកចាស់ដដែល ហើយបង្កើតឲ្យមានបញ្ហា និងរំខានដល់រឿងរ៉ាវ នៅច្រកសមុទ្រតៃវ៉ាន់” ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top