សិល្បៈ និង កម្សាន្ត

លោក អ៊ឹម ជីវ៉ា បង្ហាញពិធីភ្ជាប់ពាក្យមួយ មានថ្លៃបណ្ណាការ រហូតដល់ ៤រយលានរៀល

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុករបស់លោក អ៊ឹម ជីវ៉ា កាលពីពេលថ្មីៗនេះ បានបង្ហាញឱ្យដឹងពីថ្លៃ បណ្ដាការដ៏ច្រើន សន្ធឹកសន្ធាប់ នៅក្នុងកម្មពិធីភ្ជាប់ពាក្យមួយ ដែលថ្លៃបណ្ណាការនោះ រហូតទៅដល់ ៩៩.៩៩៩ ដុល្លារ ស្មើនិង ៤០០.០០០.០០០ រៀល ព្រមទាំងចិញ្ចៀន ពេជ្រមួយវង់ មានតម្លៃ ២ម៉ឺនដុល្លារ ទៀតផង ។

ពិធីភ្ជាប់ពាក្យ ដែលកំពុងទទួលបាន ការចាប់អារម្មណ៍នេះដែរ គឺជាពិធីរបស់កញ្ញា អាម៉ី ដែលត្រូវជាប្អូនស្រីបង្កើត របស់អ្នកលក់ តាមអនឡាញ ល្បីឈ្មោះ គឺកញ្ញា អាជី ។

យ៉ាងណាក៏ដោយ បើតាមលោក អ៊ឹម ជីវ៉ា បានបញ្ជាក់ផងដែរថា ពិធីភ្ជាប់ពាក្យនេះ គឺគ្រាន់តែរៀបចំឡើង តាមបែបលក្ខណៈគ្រួសារប៉ុណ្ណោះ មិនមានការជួបជុំ ធំដុំឡើយ ពោលគឺគោរព តាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល ក្នុងយុទ្ធនាការទប់ស្កាត់ ជំងឺរាតត្បាតកូវីដ១៩ ។

គួរឱ្យដឹងផងដែរថា កញ្ញា អាម៉ី និងអាជី ដែលជាបងប្អូនគ្នាបង្កើត ត្រូវបានអ្នកនិយមលេង បណ្ដាញសង្គមហ្វេសប៊ុក ស្គាល់ច្បាស់ថា ជាអ្នកលក់អនឡាញល្បីឈ្មោះ ហើយពួកគេក៏ធ្លាប់ បានបង្ហើបប្រាប់សារព័ត៌មាន ក្នុងស្រុកថា ក្នុងមួយខែអាចរកចំណូល បានចាប់ពីខ្ទង់ ១០ម៉ឺន ទៅ ២០ម៉ឺនដុល្លារ ។

យ៉ាងណាក៏ដោយ ទន្ទឹមនិងភាពជោគជ័យនេះ ពួកគេក៏រងនូវការរិះគន់ យ៉ាងច្រើនផងដែរ ពីសំណាក់មហាជនអ្នកលេងហ្វេសប៊ុក ទៅលើការស្លៀកពាក់ ជាពិសេសគឺ ការប្រើប្រាស់ពាក្យពេចន៍ អសុរស ជាដើម ។

ស្រីស្អាតទាំងពីរ នាក់បងប្អូន ខាងលើនេះ ផងដែរ ក៏ធ្លាប់ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហៅអប់ រំទូន្មានម្ដង រួចមកហើយ បន្ទាប់ពីបាននាំគ្នា លើកយកសាច់រឿង “ទុំទាវ” មកសម្ដែង លើបណ្ដាញសង្គម ដោយការសម្ដែងនោះ មិនត្រូវទៅតាមទម្រង់នៃរឿងដើម និងបានធ្វើឱ្យប្រាស់ ចាកពីក្រមសីលធម៌ បង្អាប់តម្លៃស្ត្រីខ្មែរ ព្រមទាំងធ្វើឱ្យអាប់ឱនដល់ព្រះពុទ្ធសាសនា ថែមទៀតផង ៕

ដោយ៖ ម៉ានី

Most Popular

To Top