ព័ត៌មានអន្តរជាតិ

មូលដ្ឋានទ័ពអាមេរិក រងការវាយប្រហារដោយរ៉ុកកែត ក្រោយធ្វើការវាយ ប្រហារតាមអាកាសលើ កងជីវពលគាំទ្រដោយអ៊ីរ៉ង់

បរទេស៖កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការបាញ់ប្រហារជាមួយក្រុមវាយប្រហារនៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីមូលដ្ឋានសហរដ្ឋអាមេរិកមួយកន្លែងនៅក្នុងប្រទេសស៊ីរីភាគខាងកើត បានរងការវាយប្រហារដោយគ្រាប់រ៉ុកកែត នេះបើយោងតាមសម្តីមន្ត្រីយោធានិយាយ។
លោកវរសេនីយ៍ Wayne Marotto ជាមន្ត្រីនាំពាក្យឲ្យកងកម្លាំងដឹកនាំដោយអាមេរិក នៅក្នុងប្រទេសស៊ីរី បានធ្វើការប្រកាសបណ្ដាញទំនាក់ទំនងសង្គមធ្វីតធ័រថា ទីតាំងមួយកន្លែងដែលជាទីស្នាក់នៅរបស់កងទ័ពអាមេរិក ជិតទីតាំងប្រេង  al-Omar បានរងការវាយប្រហារដោយគ្រាប់រ៉ុកកែតជាច្រើនគ្រាប់។

នៅក្នុងសារបង្ហោះទី២មួយ លោក Marotto បានមានប្រសាសន៍បន្ថែមដូច្នេះថា “កងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី ក្នុងខណៈស្ថិតក្រោមការវាយប្រហារដោយរ៉ុកកែតជាច្រើនគ្រាប់ បានធ្វើចំណាត់ការការពារខ្លួន និងធ្វើការបាញ់កាំភ្លើងធំទៅលើទីតាំងដែលបាញ់រ៉ុកកែតចេញ។
តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន The Washington Post បានឲ្យដឹងថា នៅមិនទាន់មានក្រុមណាមួយ អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះនៅឡើយនោះទេ ប៉ុន្តែវីដេអូឃ្លិបនៃហេតុការណ៍នោះ ត្រូវបានគេចែករំលែកលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលប្រើប្រាស់ដោយកងជីវពលគាំទ្រដោយអ៊ីរ៉ង់ ដែលរងការវាយប្រហារតាមអាកាសពីកងកម្លាំងអាមេរិកកាលពីថ្ងៃអាទិត្យ៕ប្រែសម្រួល៖ប៉ាង កុង


Most Popular

To Top