ព័ត៌មានអន្តរជាតិ

អាមេរិក​ ប្រគល់ការគ្រប់គ្រង មូលដ្ឋានទ័ពដ៏សំខាន់ ឲ្យអាហ្វហ្គានីស្ថាន ជាលើកដំបូង ក្នុងរយៈពេល២០ឆ្នាំ

បរទេស ៖ យោធាសហរដ្ឋអាមេរិក នៅពេលថ្មីនេះ បានប្រគល់មូលដ្ឋាន ទ័ពអាកាស Bagram ដែលជាមជ្ឈមណ្ឌល កងកម្លាំងសហរដ្ឋអាមេរិក នៅអាហ្វហ្គានីស្ថាន ជាយូរមកហើយនោះ ឲ្យទៅយោធាអាហ្វហ្គានីស្ថាន នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ។

ការប្រគល់ឲ្យមូលដ្ឋានទ័ពអាកាសនេះ គឺជាលើកដំបូងហើយ ក្នុងរយៈពេលជិត២០ឆ្នាំ ដោយមន្ទីរបញ្ចកោណ បានដកការគ្រប់គ្រង ពីមូលដ្ឋាននោះ ហើយមន្ត្រីនាំពាក្យក្រសួង ការពារជាតិអាហ្វហ្គានីស្ថាន លោក Rohullah Ahamadzai បានធ្វើការបញ្ជាក់ ហើយពីការប្រគល់ឲ្យនោះ ។

លោកវរសេនីយ៍ទោ Atiqullah Tarin ដែលជាអ្នកជ្រើសរើស យោធា របស់អាហ្វហ្គានីស្ថាន បានមានប្រសាសន៍ ប្រាប់ថា អតីតទាហានកង ទ័ពអាហ្វហ្គានីស្ថាន រាប់រយនាក់ នឹងត្រូវបញ្ជូនទៅមូលដ្ឋាន Bagram នៅថ្ងៃចុងសប្ដាហ៍នេះ ដើម្បីរក្សាសន្តិសុខដល់មូលដ្ឋាននោះ ។

គួរបញ្ជាក់ថា ការប្រគល់ឲ្យនេះ គឺជាផ្នែកនៃការដកទ័ពទាំងស្រុង របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលត្រូវបានគ្រោងដកទ័ព ឲ្យអស់នៅត្រឹមខែកញ្ញា ជាពេលគម្រប់ខួប២០ឆ្នាំ នៅការវាយប្រហារភេរវកម្មថ្ងៃទី១១កញ្ញា ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top