ព័ត៌មានអន្តរជាតិ

អាមេរិក និងសម្ពន្ធមិត្តចោទចិន ពីបទធ្វើយុទ្ធនាការលួចទិន្នន័យ តាមអ៊ីនធឺណេត

បរទេស៖រដ្ឋាភិបាលសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ដែលរួមមានទាំងអង់គ្លេស និងសហភាពអឺរ៉ុបផងនោះ នាពេលថ្មីៗនេះ បានចោទប្រកាន់ចិន ពីបទធ្វើយុទ្ធនាការលួចទិន្នន័យតាមអ៊ីនធឺណេត ជាសកលមួយ រួមមានទាំងការវាយប្រហារ ដ៏ធំទៅលើក្រុមហ៊ុន Microsoft កាលពីដើមឆ្នាំនេះ។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប ដែលថ្លែងតំណាងឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បានចោទប្រកាន់ក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិន ពីបទធ្វើការងារជាមួយឧក្រិដ្ឋជនលួចទិន្នន័តាមអ៊ីនធឺណេត លើការវាយប្រហារជាបន្តបន្ទាប់ ដែលមានទាំងការជំរិតទារប្រាក់តាមអ៊ីនធឺណេត និងការលួចប្រាក់តាមអ៊ីនធឺណេត ពីជនរងគ្រោះនៅជុំវិញពិភពលោក។

ការចោទប្រកាន់នោះបានបន្ថែមទៀតថា ក្រុមអ្នកវាយប្រហារដែលមាន ជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលចិននោះ នាពេលថ្មីៗនេះ បានធ្វើការវាយប្រហារ ដោយប្រើមេរោគកុំព្យូរទ័រ លើក្រុមហ៊ុនឯកជននានា ដោយរួមទាំងការទារប្រាក់រាប់លានដុល្លារ ផង។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CITYA.M. នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមរដ្ឋាភិបាលសម្ពន្ធមិត្ត ដែលរួមមានអង់គ្លេស សហភាពអឺរ៉ុប អូស្ត្រាលី កាណាដា ជប៉ុន នូវែលសេឡង់ និងណាតូ បានចូលរួមជាមួយរដ្ឋបាលលោក បៃដិន ក្នុងការចោទប្រកាន់ចិនពីបទ ធ្វើការវាយប្រហារទាំងនោះ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top