សិល្បៈ និង កម្សាន្ត

បាត់ឈ្មោះជាង ១០ឆ្នាំហើយ ទើបតែដឹងថា​ តួឯកប្រុសក្នុងរឿង “ភូមិខ្ញុំស្រស់ឆើតឆាយ” មានប្រពន្ធរួចហើយ និងកំពុងរវល់ការងារ រកស៊ីផ្ទាល់ខ្លួន

ភ្នំពេញ ៖ បាត់មុខពីវិថី សិល្បៈប្រមាណជាង ១០ឆ្នាំមកហើយ ស្រាប់តែថ្មីៗនេះ ឈ្មោះរបស់អតីតតារា ប្រុសមុខស្រស់ រូបសង្ហារ ឡុង វីរៈ ត្រូវបានទស្សនិក អ្នកគាំទ្រ រំឮកជាថ្មីលើបណ្ដាញ សង្គមហ្វេសប៊ុក ។

គួរឱ្យដឹងផងដែរថា លោក ឡុង វីរៈ បានទទួលការគាំទ្រ ខ្លាំងតាមរយៈរឿងភាគមួយ របស់ស្ថានីយទូរទស្សន៍បាយ័ន កាលពីអំឡុង ឆ្នាំ ២០០៧-២០០៨ មានចំណងជើងថា “ភូមិខ្ញុំស្រស់ឆើតឆាយ” ដោយកាលនោះលោកដើរ ជាតួឯកប្រុសឈ្មោះ នាយ ភូ ចំណែកតួឯកស្រី គឺអ្នកនាង សុខ សោម៉ាវត្តី ។

ថ្មីៗនេះមានអ្នកគាំទ្រជាច្រើន បានរឮកឈ្មោះលោក ឡុង វីរៈ ជាថ្មី ដោយការរំឮកនេះ គ្មានអ្វីក្រៅ ពីការនឹករឮក និងពាក្យសរសើរ អំពីសមត្ថភាពខ្ពស់ ក្នុងការសម្ដែង ទាំងកាយវិការ ទឹកមុខ និងឬកពារ ពិតជាឥតខ្ចោះ ដូចធម្មជាតិៗយ៉ាងដូច្នេះដែរ ។

យ៉ាងណាក៏ដោយ ក្រោយពីមានការលើកឡើង ដោយក្ដីនឹករឮក ចំពោះអតីតតារាសម្ដែងប្រុសខាងលើនេះ ស្រាប់តែមានគណនី ហ្វេសប៊ុកមួយ បានបញ្ជាក់ថា តារារូបនេះបានរៀបការរួច និងកំពុងបើកជំនួញរកស៊ីផងដែរ ។ ហើយសម្រាប់ម្ចាស់កគណនីហ្វេសប៊ុកមួយនោះ គឺជាភិរិយារបស់លោក ឡុង វីរៈ ផ្ទាល់តែម្ដង ។

ជាមួយគ្នានេះដែរ ភរិយាអតីតតួឯកប្រុសក្នុងរឿង «ភូមិខ្ញុំស្រស់ឆើតឆាយ» រូបនេះ ក៏បានបង្ហើរ ពាក្យមួយឃ្លាថា បន្ទាប់ពីចប់កូវីដ អ្នកនាងនឹងឱ្យស្វាមីចូលសិល្បៈវិញ បើសិនជាអ្នកគាំទ្រនៅតែស្រលាញ់ ចូលចិត្តស្នាដៃសម្ដែង របស់ស្វាមីខ្លួន ។

សូមបញ្ជាក់ថាលោក ឡុង វីរៈ យុទ្ធ ហៅ នាយ ភូ មាន ស្រុក កំណើត នៅ ខេត្ត កំពត ប៉ុន្តែ តារា រូប នេះ បាន ចាក ចេញ មក រស់ នៅ ទីក្រុង ភ្នំពេញជា មួយ ក្រុមគ្រួសារ តាំងពីគេ នៅ កុមារ មក ម៉្លេះ ។ នាយភូ ចូលប្រឡូក ក្នុងសិល្បៈ តាម រយៈ ការប្រឡងហ្វ្រេស៊ី នៅក្នុង ឆ្នាំ២០០៧ ដែល ពេល នោះ លោក ជាប់ចំណាត់ ថ្នាក់ លេខ៤។

បន្ទាប់ពីបញ្ចប់ការប្រឡង ហ្វ្រេស៊ីឆ្នាំ ២០០៧ ហើយនោះលោក ឡុង វីរៈ យុទ្ធ ក៏បានបង្ហាញ វត្តមានជាតួឯកប្រុស ក្នុងរឿងភាគ របស់ស្ថានីយទូរទស្សន៍បាយ័ន ជាច្រើនរឿង និងជាពិសេសបានកសាង ភាពល្បីល្បាញយ៉ាងខ្លាំង តាមរយៈរឿង “ភូមិខ្ញុំស្រស់ឆើតឆាយ” នោះឯង ។ ប៉ុន្តែបន្ទាប់មកខណៈដែលភាពល្បីល្បាញ មិនទាប់សាបរលាបផង ស្រាប់តែលោក ឡុង វីរៈ យុទ្ធ បានបាត់មុខសូន្យឈឹង ចេញពីសិល្បៈរហូតដល់សព្វថ្ងៃនេះតែម្ដង ៕

ដោយ៖ ម៉ានី

Most Popular

To Top