ភ្នំពេញ៖ បច្ចុប្បន្ននេះ ថ្វីបើពុំមានបទចម្រៀងមួយបទណាមួយផ្ទុះខ្លាំង ដូចជាកាលពីជាង ១០ឆ្នាំមុន ប៉ុន្តែពុំបានធ្វើឱ្យលោក ខាន់ ជេមស៍ សាបប្រជាប្រិយភាពឡើយ ផ្ទុយទៅវិញបើក្រឡេកទៅមើលជីវភាពរស់នៅសព្វថ្ងៃរបស់ម្ចាស់បទ”សម្រែកបេះដូង” រូបនេះវិញ គឺប្រៀបបានដូចជាសេដ្ឋីយ៉ាងដូច្នេះដែរ ។
ជុំវិញនឹងភាពមានបានទាំងកិត្តិយស និងទ្រព្យសម្បត្តិនេះផងដែរ លោក ខាន់ ជេមស៍ ត្រូវបានអ្នកគាំទ្រកត់សម្គាល់ឃើញថា ដោយសារកំពុងជោគជ័យនៅក្នុងមុខជំនួញជាច្រើន ដែលបច្ចុប្បន្ននេះលោកកំពុងវិនិយោគជាមួយគម្រោងអចលនទ្រព្យ ក្រុមហ៊ុនឧបករណ៍រំពងសំឡេង និងគ្រឿងសម្អាង ជាដើម ។
ទាក់ទងជាមួយគ្នានេះដែរតារាចម្រៀងប្រុសជួរមុខនៅក្នុងផលិតកម្មសាន់ដេ ខាងលើក៏ធ្វើឱ្យទស្សនិកជន អ្នកគាំទ្រ ចាប់អារម្មណ៍ខ្លាំងទៅលើជីតគ្រួសាររបស់លោក ដែលជារឿយៗលោកតែងតែបង្ហាញពីស្នាមញញឹម សុភមង្គល និងភាពល្អូកល្អិនជាមួយភរិយា និងកូនៗរបស់លោក ។ ហើយទន្ទឹមនឹងសកម្មភាពទាំងនេះ ក៏មានអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលព្រោះមិនធ្លាប់ដឹងសោះថា លោក ខាន់ ជេមស៍ មានកូនស្រីប្រុស រហូតទៅដល់ ៤នាក់ ដោយកូនស្រីច្បងមានវ័យពេញក្រមុំទៅហើយ ។
កាលពីពេលថ្មីៗនេះ ក្រោយពីលោក ខាន់ ជេមស៍ បង្ហាញមុខប្រពន្ធ រួមនឹងកូនៗទាំង៤នាក់ ជាសាធារណៈរួចមក មានអ្នកគាំទ្រជាច្រើនបានចោទជាសំនួរដូចៗគ្នាថា តើលោក ជេមស៍ រៀបការប៉ុន្មានឆ្នាំមកហើយ ទើបមានកូនធំៗច្រូងច្រាងយ៉ាងនេះ ?
ជាការពិតណាស់ តាំងពីក្លាយជាតារាចម្រៀងល្បីតាំងពីកំលុងឆ្នាំ ២០០៧ រហូតដល់សព្វថ្ងៃ មានទស្សនិកជនតិចនាក់ណាស់ ដែលបានដឹងថា លោក ជេមស៍ រៀបការប្រពន្ធយូរណាស់មកហើយ ហើយដើម្បីបញ្ជាក់កាន់តែច្បាស់អតីតតារាចម្រៀងល្បីល្បាញខ្លាំងកាលនៅផលិតកម្ម រ៉ក រូបនេះ បានឆ្លើយនៅក្នុង Comment ថា លោកបានរៀបការតាំងពីជាង ២០ឆ្នាំមុនមកម្ល៉េះ ។
គួរឱ្យដឹងផងដែរថា តារាចម្រៀង ខាន់ ជេមស៍ បានចាប់ផ្ដើមកសាងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងផលិតកម្ម រ៉ក នាកំលុងឆ្នាំ ២០០៧ តាមរយៈបទចម្រៀងជាច្រើនបទដូចជាបទ “សម្រែកបេះដូង” “រយពាន់ផ្ញើសារ” “បុប្ផាក្រពុំ” “ស្នេហ៍អូនជានិច្ច” របាំចងស្នេហ៍” និងបទ “ស្ដាយក្រោយ” ។ល។ បើយោងតាមការរៀបប្រវត្តិត្រួសៗរបស់លោក នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនបានឱ្យដឹងថា នាកំលុងឆ្នាំ ១៩៩៨ លោកជាកម្មករចុះតាមទូកនៅប្រទេសថៃ នៅឆ្នាំ ២០០២ ក្លាយជាតារាចម្រៀងតាមបៀរហ្កាឌិន និងនៅឆ្នាំ ២០០៧ មានវាសនាក្លាយជាតារាចម្រៀងល្បី ហើយរហូតដល់សព្វថ្ងៃនេះលោកជាតារាចម្រៀងផង និងជាសហគ្រិនផង ៕
ដោយ៖ ម៉ានី