សិល្បៈ និង កម្សាន្ត

គួរឱ្យច្រណែនណាស់! កូនស្រីតែម្នាក់គត់ របស់អ្នកនាង ស៊ឹម សូលិកា នឹងទទួលបានផ្ទះវីឡា ផ្ទាល់ខ្លួនឆាប់ៗនេះ

ភ្នំពេញ៖ ពិធីការិនី ស៊ឹម សូលិកា ដែលជាទូទៅត្រូវបានទស្សនិកជន អ្នកនិយមលេងបណ្ដាញសង្គមជាច្រើនទទួលស្គាល់ និងស្ញើចសរសើរអំពីភ័ព្វវាសនារបស់នាង ដែលកំពុងរស់នៅយ៉ាងមានសុភមង្គលបំផុតជាមួយស្វាមី គឺលោក អេង ឬទ្ធី ដោយក្នុងជីវភាពមានទ្រព្យសម្បត្តិស្ដុកស្តម្ភ ព្រមទាំងមានងារជាជំទាវទៀតផង ។ 

ជាមួយគ្នានេះដែរ អ្វីដែលតែងតែធ្វើឱ្យមហាជនស្ញើចសរសើរបំផុតនោះ​ គឺទៅលើទឹកចិត្តលោក អេង ឬទ្ធី ដែលស្រឡាញ់កូនស្រីតែម្នាក់គត់របស់អ្នកនាង ស៊ឹម សូលិកា ប្រៀបបានដូចជា​ កូនបង្កើតរបស់ខ្លួនយ៉ាងដូច្នេះដែរ ហើយលោក និងភរិយា ក៏តែងតែបំពេញបំណងគ្រប់យ៉ាង​ របស់កូនស្រីទាំងការសិក្សា និងរថយន្តទំនើប។ ហើយថ្មីៗនេះស្រាប់តែ​ អ្នកទាំងពីរបានធ្វើឱ្យមហាជនស្ញើច​ សរសើរកាន់តែខ្លាំងថែមទៀត បន្ទាប់ពីពួកគេ​ បានបង្ហាញគ្រោងផ្ទះវីឡាធំស្កឹមស្កៃមួយកន្លែង ដែលជាកាដូសម្រាប់កូនស្រី ។ នេះបើយោងតាមការសរសេរ​ នៅលើគណនីហ្វេសប៊ុករបស់អ្នកនាង ស៊ឹម សូលិកា យ៉ាងដូច្នេះថា “ជូនមេតូច Phirak Nochta មកមើលការដ្ឋានសំណង់របស់គាត់” ។

យោងតាមរូបថតគ្រោងផ្ទះវីឡា ដែលជាកាដូសម្រាប់កូនស្រីរបស់អ្នកនាង ស៊ឹម សូលីកា បានបង្ហាញឱ្យឃើញថា បានសាងសង់រួចរាល់ស្ទើរតែជាង ៥០ភាគរយទៅហើយ ប៉ុន្តែអតីតតារាសម្ដែងស្រីដៃគូជាមួយលោក ព្រាប សុវត្ថិ រូបនេះ មិនបានបញ្ជាក់ពីខ្ទង់ចំណាយក្នុងការសាងសង់ឡើយ ។ 

សូមបញ្ជាក់ដែរថា កូនស្រីរបស់អ្នកនាង ស៊ឹម សូលិកា មានឈ្មោះ សុ​កាន ភី​រៈ​ណុ​ច ជាដំណត់ឈាមរួមគ្នាជាមួយលោក សៅ ភី​រៈ មុនពេលលែងលះគ្នា ។ 

ក្រោយ​លែងលះគ្នា អ្នកនាង ស៊ឹម សូលី​កា ក៏បាន​មាន​ទំនាក់ទំនង​ស្នេហា​ ជាមួយ​លោក​អេង ឬទ្ធី ហើយ​ដឹក​ដៃ​គ្នា​ចូល​រោងការ កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩​កន្លងទៅនេះ​។ គេ​សង្កេតឃើញថា ទោះ​លែងលះគ្នា ហើយ​មាន​ប្ដី​ប្រពន្ធ​រៀងខ្លួន​ ក៏ពិតមែន តែ​គ្រួសារ​គេទាំងពីរនេះ នៅតែ​ស្រឡាញ់ រាប់អាន​គ្នា​ ដូច​បងប្អូន​អ៊ីចឹង ។ ចំណែក​លោក អេង ឬទ្ធី ក៏ស្រឡាញ់ កូនស្រី​ប្ដី​មុន ប្រៀបដូចជា​ កូនបង្កើត​របស់​ខ្លួន​ យ៉ាងដូច្នេះដែរ ៕

ដោយ៖ ម៉ានី​

Most Popular

To Top