កីឡាការិនី Hidily Diaz បានចារឈ្មោះរបស់ខ្លួន ក្នុងប្រវត្តិសាស្រ្ដកីឡា របស់ប្រទេសហ្វីលីពីន បន្ទាប់ពីប្រកួតដណ្ដើម បានមេដាយមាស នៅព្រឹត្តិការណ៍អូឡាំពិកកាលពីយប់មិញ ។
Diaz ទទួលបានមេដាយមាស ពីប្រភេទកីឡាលើកទម្ងន់ វិញ្ញាសារនារី៥៥គីឡូក្រាម ក្រោយយកឈ្នះកីឡាការិនីចិន Liao Qiuyun ។ នេះជាលើកដំបូងក្នុងរយៈពេល៩៧ឆ្នាំ ដែលហ្វីលីពីនរងចាំឈ្នះមេដាយមាស នៅអូឡាំពិក។
តាមរយៈការសាងជាប្រវត្តិសាស្រ្ដនេះ Diaz នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៦៦ម៉ឺនដុល្លារ និងផ្ទះមួយកន្លែងផងដែរ ពីរដ្ឋាភិបាល ។ មុនការប្រកួត គណៈកម្មការកីឡាហ្វីលីពីន បានធានាផ្ដល់ប្រាក់លើកទឹកចិត្ត២០ម៉ឺនដុល្លារ សម្រាប់អត្តពលិករូបណា ឈ្នះមេដាយមាសអូឡាំពិក ។ សរុបប្រាក់រង្វាន់ Diaz គ្រោងនឹងទទួលបានក្បែរ ១លានដុល្លារទៅហើយ។
កាលពីព្រឹត្តិការណ៍អូឡាំពិកក្នុងទីក្រុង Rio ប្រទេសប្រេស៊ីល Diaz ក៏ដណ្ដើមបានមេដាយប្រាក់ផងដែរ ។ ហ្វីលីពីនចូលប្រកួត ក្នុងអូឡាំពិកដំបូងនៅឆ្នាំ១៩២៤ ពេលដែលអត្តពលិក David Nepomuceno បង្ហាញខ្លួនក្នុងកីឡារត់ប្រណាំង ចម្ងាយ១០០និង២០០ម៉ែត្រ៕