អាមេរិក៖របាយការណ៍ថ្មីបានបង្ហាញថា មេរោគរាតត្បាត COVID-19ដែលបានវាយប្រហារពិភពលោក នាពេលបច្ចុប្បន្នបណ្តាលឲ្យអាយុកាល រស់នៅសហរដ្ឋអាមេរិកថយចុះត្រឹម ១,៥ ឆ្នាំគឺជាការធ្លាក់ចុះធំបំផុតចាប់តាំងពី សង្គ្រាមលោកលើកទី ២នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
កាលឆ្នាំ ២០១៩ អាយុកាលជាមធ្យម ឬចំនួនឆ្នាំជាមធ្យមដែលមនុស្សម្នាក់រស់នៅសម្រាប់ប្រជាជនអាមេរិកទូទៅមាន ៧៨,៨ ឆ្នាំ។ ទោះយ៉ាងណាការប្រើប្រាស់ទិន្នន័យបណ្តោះអាសន្ននិងការប៉ាន់ស្មានអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលជាតិសម្រាប់ស្ថិតិសុខភាព (NCHS) បានរកឃើញថាតួលេខនេះធ្លាក់ចុះដល់ ៧៧,៣ ឆ្នាំក្នុងឆ្នាំ ២០២០ ។
នេះតំណាងឲ្យការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី ២ ខណៈការថយចុះអាយុកាលរបស់មនុស្សគឺបណ្តាលមកពីវីរុសបានសម្លាប់ប្រជាជនអាមេរិកជាង ៦០ ម៉ឺននាក់រហូតមកដល់ពេលនេះ ក្រុមនេះនិយាយថា មានកត្តាជាច្រើនទៀតដែលរួមមានការកើនឡើងនៃការប្រើថ្នាំហួសកម្រិតនិងការស្លាប់ដោយសារជំងឺទឹកនោមផ្អែម។
សម្រាប់របាយការណ៍បានចេញផ្សាយថា ក្រុមនេះបានប្រើប្រាស់តារាងជីវិតរបស់ NCHS ដើម្បីគណនាអាយុកាលរបស់មនុស្ស។ ការប៉ាន់ប្រមាណត្រូវបានធ្វើត្រាប់តាមសម្រាប់ឆ្នាំ ២០២០ ដោយមើលលើចំនួនមរណភាពបណ្តោះអាសន្នពីព្រោះចំនួនមរណភាពចុងក្រោយនឹងមិនមានរហូតដល់ចុងឆ្នាំ ២០២១ ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា នៅចន្លោះឆ្នាំ ២០១៩ និង ២០២០ អាយុកាលមធ្យមរបស់សហរដ្ឋអាមេរិកបានថយចុះ ១,៥ ឆ្នាំពី ៧៨,៨ ឆ្នាំមក ៧៧,៣ ឆ្នាំ។
នេះបើយោងតាមទិន្នន័យរបស់ CDC ថា នេះគឺជាការធ្លាក់ចុះមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទី ២ នៅពេលអាយុកាលថយចុះ ២,៩ ឆ្នាំពី ៦៦,២ ឆ្នាំកាលឆ្នាំ ១៩៤២ ដល់ ៦៣,៣ ឆ្នាំក្នុងឆ្នាំ ១៩៤៣។ ទាំងបុរសនិងស្ត្រីមានការថយចុះនៃអាយុកាលជីវិតបើទោះបីជាការធ្លាក់ចុះគឺខ្លាំងសម្រាប់បុរសក៏ដោយ៕ ដោយ៖លី ភីលីព