បរទេស៖ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃនេះថា គ្មានការសម្រេចចិត្តធ្វើឡើង លើសហសមយុទ្ធយោធារបស់ខ្លួន ជាមួយនឹងសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែថាសមយុទ្ធទាំងនោះ មិនគួរបង្កើតភាពតានតឹងនោះឡើយ ក្រោយប្រទេសកូរ៉េខាងជើង បានធ្វើការព្រមានមិនឲ្យកូរ៉េខាងត្បូងធ្វើសមយុទ្ធក្នុងចន្លោះ ដែលវាជាសញ្ញានៃការរលាយចំណងមិត្តភាព។
ជាប្រក្រតី កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក តែងតែប្រារព្ធធ្វើសមយុទ្ធយោធា ដែលភាគច្រើនគឺនៅក្នុងនិទាឃរដូវនិងរដូវក្តៅ ប៉ុន្តែប្រទេសកូរ៉េខាងជើង តែងតែធ្វើការឆ្លើយតបវិញ ជាមួយការរិះគន់យ៉ាងខ្លាំងក្លា ដោយហៅសមយុទ្ធទាំងនោះថា ជាការហាត់សមសម្រាប់សង្គ្រាម។
អ្នកនាង គីម យ៉ូជុង ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងជាមន្ត្រីជាន់ខ្ពស់មួយរូបក្នុងបក្សកាន់អំណាចនោះ បានធ្វើការព្រមានប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យថា ការប្រារព្ធធ្វើសមយុទ្ធ នឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងកសាងចំណងមិត្តភាពឡើងវិញ។
គួរបញ្ជាក់ថា ការព្រមានរបស់ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងនេះ គឺត្រូវបានធ្វើឡើង ក្រោយប្រទេសកូរ៉េទាំងពីរ បានធ្វើការបង្កើតខ្សែទំនាក់ទំនងបន្ទាន់ឡើងវិញ ក្រោយត្រូវកូរ៉េខាងជើងកាត់ផ្តាច់ចោលកាលពីមួយឆ្នាំមុន ស្របពេលដែលលោក គីម ជុងអ៊ុន និងលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន សា្តរចំណងមិត្តភាពដែលជាប់គាំង និងបន្តធ្វើជំនួបកំពូល៕ប្រែសម្រួល៖ប៉ាង កុង