ប្លែកៗ

ខ្លារខិនទឹកកក ជិតផុតពូជឆ្លង COVID-19 នៅសួនសត្វ San Diego កាលពីខែមុនកំពុង បង្ហាញសញ្ញាប្រសើរ

San Diego៖មន្រ្តីបានមានប្រសាសន៍ថា សត្វខ្លារខិនទឹកកក ដែលជិតផុតពូជទាំង២ក្បាលបានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 នៅសួនសត្វ San Diego កាលពីមួយសប្តាហ៍កន្លះមុននេះកំពុងជាសះស្បើយឡើងវិញហើយ គិតមកដល់ពេល នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកនាំពាក្យសួនសត្វ San Diego បានប្រាប់ គេហទំព័រឌៀលីម៉ែលថា ខ្លារខិនទឹកកកឈ្មោល និងញីត្រូវបានគេសង្ស័យថា បានឆ្លងវីរុស COVID-19 មិនបង្ហាញពីរោគសញ្ញានៃ ជំងឺក្រៅពីការក្អកដែលកំពុងថយចុះ ហើយពួកគេកំពុងញ៉ាំ និងធ្វើចលនាធម្មតា។ Naphisa អាយុ ៣ ឆ្នាំនិង Ramil លអាយុ ៩ ឆ្នាំបានធ្វើតេស្តិ៍វិជ្ជមានកាលពីចុងខែកក្កដា បន្ទាប់ពីអ្នកជំនាញនៅសួនសត្វបានធ្វើតេស្តិ៍សំណាកលាមកសម្រាប់ថនិកសត្វទាំង២។

យោងតាមគណនី Twitter របស់សួនសត្វបានឲ្យដឹងថា Naphisa បានបង្ហាញរោគសញ្ញាដំបូងនៅសប្តាហ៍ទី ២៣ ខែកក្កដានេះ ហើយ២ឬ៣ថ្ងៃក្រោយមក Ramil ក៏ចាប់ផ្តើមបង្ហាញរោគសញ្ញាដែរ។ខ្លារខិន Amur leopards ទំាង២ដែលចែករម្លែកជាមួយខ្លារខិនទឹកកកមិនបានបង្ហាញពីសញ្ញានៃជំងឺទេ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្រុមអ្នកជំនាញដែលខិតខំប្រឹងប្រែង របស់យើងនឹងបន្តផ្តល់ឲ្យសត្វខ្លារខិនទាំង៤ នូវការថែទាំល្អបំផុតដែលអាចរកបានតាមដានពួកគេឲ្យបានដិតដល់ និងព្យាបាលរោគសញ្ញាតាមដែលអាចកើតមាន៕ ដោយ៖លី ភីលីព

Most Popular

To Top