សេអ៊ូល៖ ក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសិង្ហបុរី បានរៀបចំកិច្ចពិភាក្សាយុទ្ធសាស្ត្រការពារជាតិនៅទីក្រុងសេអ៊ូល កាលពីថ្ងៃច័ន្ទហើយបានយល់ព្រមពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការការពារជាតិ របស់ប្រទេសទាំងពីរ។
នៅក្នុងកិច្ចប្រជុំនេះអនុរដ្ឋមន្រ្តីក្រសួងការពារជាតិលោកគីម ម៉ានគី និងសមភាគីសិង្ហបុរីលោក Teo Eng Dih បានឯកភាពជំរុញការផ្លាស់ប្តូរក្នុងវិស័យបច្ចេកវិទ្យាការពារជាតិ សកម្មភាពមនុស្សធម៌ និងសន្តិសុខតាមអ៊ីនធឺណិត។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់បានឲ្យដឹងថា កិច្ចប្រជុំកាលពីថ្ងៃចន្ទ បានកត់សម្គាល់ជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ សម្រាប់កិច្ចពិភាក្សាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដែលនឹងត្រូវធ្វើឡើងដោយផ្ទាល់។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា“ ភាគីទាំងពីរ បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំនេះ ហើយបានយល់ព្រមរៀបចំកិច្ចពិភាក្សាជារៀងរាល់ឆ្នាំ ដើម្បីបន្តពិភាក្សាអំពីវិធីដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការការពារជាតិរបស់ប្រទេសទាំងពីរ” ។
គួរបញ្ជាក់ថា លោក Teo ក៏បានជួបជាមួយអនុរដ្ឋមន្រ្តីក្រសួងការពារជាតិ ផាក ជេមីន និងពិភាក្សាអំពីស្ថានភាពកូវីដ-១៩ របស់ប្រទេសទាំងពីរ និងបញ្ហាសន្តិសុខក្នុងតំបន់ផងដែរ៕ដោយ ឈូក បូរ៉ា