បរទេស ៖ លោកប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចេញបទបញ្ជា ប្រតិបត្តិមួយ ប្រឆាំងនឹងរបប នៃប្រទេសបេឡារុស ដោយចោទពីបទរំលោភបំពាន សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ។
លោក បៃដិន បានចេញបទបញ្ជាប្រតិបត្តិ នៅថ្ងៃគម្រប់ខួបមួយឆ្នាំ នៃការបោះឆ្នោតជ្រើសប្រធានាធិបតីបេឡារុស ឆ្នាំ២០២០ ដែលសហរដ្ឋអាមេរិក និងសហគមន៍ អន្តរជាតិជាច្រើន បាននិយាយថា គឺមានការក្លែងបន្លំ ស្របពេលមានការតវ៉ាកើនឡើង គ្រប់ដណ្ដប់ទូទាំងប្រទេស ។
ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko នាពេលថ្មីៗនេះ បានបដិសេធចំពោះការអះអាងដែលថា ការជាប់ឆ្នោតជាថ្មីរបស់លោក គឺមានការក្លែងបន្លំ និងបានប្រើប្រាស់កម្លាំងបង្ក្រាបការតវ៉ា។ មេដឹកនាំប្រឆាំង លោក Svetlana Tikhanovskaya និងអ្នកប្រឆាំងដទៃទៀត ត្រូវបានបង្ខំចិត្តភៀសខ្លួនចេញពីប្រទេស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក បៃដិន បានមានប្រសាសន៍ថា “ការលុបបំបាត់ក្រុមប្រឆាំង នយោបាយ និងអង្គការសង្គមស៊ីវិល ព្រមទាំងការរំខាននិងបង្កគ្រោះថ្នាក់របស់រដ្ឋាភិបាល ចំពោះការធ្វើដំណើរ តាមអាកាសស៊ីវិលអន្តរជាតិ បង្កឲ្យមានការគម្រាមកំហែងមិនធម្មតា ចំពោះសន្តិសុខជាតិនិង គោលនយោបាយបរទេស របស់សហរដ្ឋអាមេរិក” ៕