ភ្នំពេញ ៖ គិតមកទល់ពេលនេះ មានរយៈពេលជាង ៥ឆ្នាំហើយ ដែលតារាចម្រៀង កែវ វាសនា បានចូលរោងការ ជាមួយភរិយារបស់លោក គឺអ្នកនាង លឹម សុគន្ធារី ព្រមទាំងទទួលបានចំណងដៃកូន ២នាក់ គឺប្រុសម្នាក់ ស្រីម្នាក់ទៀតផង ។
បច្ចុប្បន្ននេះមានមហាជន ជាច្រើនបានស្ញើចសរសើរ ទៅលើជីវិតប្ដីប្រពន្ធ របស់ម្ចាស់បទ “ផ្ញើសង្សារផង” ខាងលើ ដែលកំពុងរស់នៅប្រកប ដោយសុភមង្គលខ្លាំងបំផុត ព្រមទាំងមានជីវភាពខ្ពស់ផងដែរ ដោយក្រៅតែពីរស់ក្រោម ដំបូលវីឡាដ៏ស្កឹមស្កៃ ក៏មានរថយន្តស៊េរីទំនើបៗជិះឆ្លាស់គ្នា ដូចជា Rang Rover, Jeep និង Luxes LX570 ជាដើម ។
ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះស្រាប់តែអ្នកនាង លឹម សុគន្ធារី បានទម្លាយរឿងរ៉ាវយ៉ាងវែងអន្លាយ លើគណនីហ្វេសប៊ុករបស់នាង ដោយលើកយកពីភាពតស៊ូ របស់នាង ដើម្បីជម្នះចិត្តឪពុកម្ដាយ ដែលមិនព្រមឱ្យរៀបការជាមួយ តារាចម្រៀង កែវ វាសនា ជាដាច់ខាត ។
អ្នកនាង លឹម សុគន្ធារី បានរៀបរាប់ពីប្រវត្តិស្នេហា របស់ខ្លួនយ៉ាងដូច្នេះថា កាលដើមឡើយឪពុកម្ដាយរបស់នាង បានបដិសេធមិនព្រម ឱ្យរៀបការជាមួយ កែវ វាសនា ឡើយ ទោះជាគេទាំងពីរស្រឡាញ់គ្នាខ្លាំងប៉ុនណាក៏ដោយ ព្រោះគិតថា តារាចម្រៀង កែវ វាសនា មានស្រីច្រើន មិនអាចស្រឡាញ់ ប្រពន្ធស្មោះបានទេ ។ ប៉ុន្តែដោយសារអំណាចស្នេហា ក៏ដូចជាភាពស្មោះត្រង់ របស់លោក កែវ វាសនា ផងនោះ ក៏ធ្វើឱ្យចិត្តរបស់អ្នកនាង កាន់តែក្លាហានក្នុងការជម្នះ ចិត្តឪពុកម្ដាយ រហូតដល់បានរៀបការ ជាមួយគ្នាបានសម្រេច មិនតែប៉ុណ្ណោះ សម្រាប់លោក កែវ វាសនា កាន់តែធ្វើឱ្យចិត្តម្ដាយឪពុកក្មេកទោទន់ ស្រឡាញ់ទ្វេរដងថែមទៀត ។
នៅក្នុងសាររបស់អ្នកនាង លឹម សុគន្ធារី ថែមទាំងបានបញ្ជាក់ថា មុន និងក្រោយពេលចាប់ដៃគ្នាជាមួយ លោក កែវ វាសនា ជាប្ដីប្រពន្ធ គេទាំងពីរបានខិតខំ រកលុយដោយខ្លួនឯង ដោយចាប់ផ្ដើម លក់អនឡាញ ជាលើកដំបូងកាលពី ៧ឆ្នាំមុនមកម្ល៉េះ រហូតទទួលបានជោគជ័យមានផ្ទះ និងរថយន្តទំនើបៗ ផ្ទាល់ខ្លួនពុំចាំបាច់ពឹង លើទ្រព្យសម្បត្តិឪពុកម្ដាយឡើយ ។
សូមរំឮកផងដែរដែរថា កែវ វាសនា និងអ្នកនាង លឹម សុគន្ធារី បានសម្រេចចិត្តចូលរោងការជាមួយគ្នា កាលពីកំលុងខែ ឧសភា ឆ្នាំ ២០១៦ នៅស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ ។ យ៉ាងណាមិញសម្រាប់ ប្រវត្តិស្នេហារបស់លោក កែវ វាសនា និងភរិយា ដូចដែលបានបង្ហាញខាងលើនេះ មិនដែលមានទស្សនិកជន អ្នកគាំទ្រ ណាបានដឹងឡើយ ពោលគឺនេះជាលើកទីមួយហើយ ដែលសាមីខ្លួន អ្នកនាង លឹម សុគន្ធារី លើកយកមកលាតត្រដាង លើបណ្ដាញសង្គម ៕
ដោយ៖ ម៉ានី