នៅហាងកាហ្វេតូក្យូមួយ លោកមីឈីអូ អ៊ីម៉ៃបានស្វាគមន៍អតិថិជនម្នាក់ ប៉ុន្តែមិនមែនស្វាគមន៍ ដោយផ្ទាល់ទេ ។ លោកស្ថិតនៅចម្ងាយ រាប់រយគីឡូម៉ែត្រ ដោយអង្គុយបញ្ជា អ្នកបម្រើរ៉ូបូតមួយគ្រឿង ដែលជាផ្នែកមួយ នៃការពិសោធន៍ក្នុងការងារ ដែលរួមបញ្ចូលមនុស្សគ្រប់ប្រភេទ ។ រ៉ូបូតរបស់ហាងកាហ្វេ Dawn មានគោលបំណងលើស ពីការទាក់ទាញចំណាប់អារម្មណ៍ អតិថិជនទៅទៀត ដោយផ្តល់ឱកាសការងារដល់មនុស្ស ដែលពិបាកធ្វើការនៅក្រៅផ្ទះ។
ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗ ទាន់ចិត្ត “សួស្តី តើអ្នកសុខសប្បាយទេ?” រ៉ូបូតពណ៌សរលោងរាង ដូចកូនសត្វផេនឃ្វីន កំពុងហៅពីបញ្ជរក្បែរច្រកចូល ដោយងាកមុខមករកអតិថិជន ហើយគ្រវីដៃរបស់វា។
លោកអ៊ីម៉ៃគឺស្ថិតនៅ ពីក្រោយការបញ្ជារ៉ូបូតពីផ្ទះរបស់គាត់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ចម្ងាយ ៨០០ គីឡូម៉ែត្រពីក្រុងតូក្យូ ហើយគាត់ជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិក ៥០ នាក់ ដែលមានពិការភាពផ្លូវកាយនិងផ្លូវចិត្ត ដែលធ្វើការជា “អ្នកបញ្ជា” បុគ្គលិករ៉ូបូតរបស់ហាង Dawn។ ហាងកាហ្វេនេះបានបើកដំណើរការនៅសង្កាត់នីហុនបាស៊ី ស្ថិតនៅភាគកណ្តាលទីក្រុងតូក្យូ កាលពីខែមិថុនា ហើយជួលបុគ្គលិកនៅទូទាំងប្រទេសជប៉ុន និងនៅក្រៅប្រទេសព្រម ទាំងបុគ្គលិកមួយចំនួនដែលធ្វើការ នៅនឹងកន្លែងផងដែរ ។
ដើមឡើយហាងនេះ គ្រោងនឹងបើកកាលពីឆ្នាំមុន ដើម្បីស្របពេលជាមួយ នឹងកីឡាប៉ារ៉ាឡាំពិក ប៉ុន្តែការបើកត្រូវបានពន្យារពេល ដោយសារជំងឺរាតត្បាតដូចព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកផងដែរ ដែលនឹងចាប់ផ្តើម នៅថ្ងៃអង្គារទី២៤សីហា ។ រ៉ូបូតខ្នាតល្អិតប្រហែល ២០ គ្រឿងដែលមានភ្នែក រាងដូចគ្រាប់អាល់ម៉ុនអង្គុយនៅលើតុនិងផ្នែកផ្សេងទៀត នៃហាងកាហ្វេ ដែលគ្មានជណ្តើរ និងកម្រាលឈើរលោងធំ ល្មមសម្រាប់រទេះរុញ ។
រ៉ូបូត ដែលមានឈ្មោះថា OriHime មានបំពាក់កាមេរ៉ា ម៉ៃក្រូហ្វូន និងឧបករណ៍បំពងសំឡេងដើម្បីអនុញ្ញាតឱ្យប្រតិបត្តិករធ្វើទំនាក់ទំនងជាមួយអតិថិជនពីចម្ងាយ។ រ៉ូបូតនៅក្បែរតុមួយបានសួរថា “តើអ្នកត្រូវការកុម្ម៉ង់អាហារអ្វីដែរ?” ដោយបង្ហាញបញ្ជីរាយមុខម្ហូបដូចជាបឺហ្គ័រ ការី និងសាឡាត់ (មុខម្ហូបធ្វើពីបន្លែសុទ្ធ)។ នៅពេលអតិថិជនកំពុងជជែកគ្នា ជាមួយអ្នកបញ្ជាដែលកំពុងធ្វើប្រតិបត្តិការ រ៉ូបូតខ្នាតតូចពីចម្ងាយ រ៉ូបូតធំៗចំនួនបីគ្រឿងបានធ្វើបំលាស់ទីជុំវិញហាងដើម្បីលើកភេសជ្ជៈឬស្វាគមន៍អតិថិជន នៅច្រកចូល។ ហើយថែមទាំងមានរ៉ូបូតឆុង កាហ្វេស្លៀកពាក់ឈុតពណ៌ត្នោត នៅបារទៀតផង ដែលអាចឆុងកាហ្វេដូចមនុស្ស មែនទែនយ៉ាងអ៊ីចឹង ៕