ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សម្រាប់មហាជន ជាពិសេសអ្នកដែលធ្លាប់តែគាំទ្រ អតីតតារាសម្ដែង លោក ស៊ុក សុភា ដែលគេស្គាល់ថា ជាតួ ទុំ ក្នុងរឿងភាពយន្ត ទុំទាវ ដោយសារតែពេលនេះ ស្រាប់តែភរិយារបស់លោក គឺអ្នកនាង លុយ រីម៉ា ហៅ ហ្សារីណា បានប្រកាសលែងលះគ្នា ជាសាធារណៈ តាមរយៈគណនីហ្វេសប៊ុក របស់នាង ។
ចំពោះការប្រកាសលែងលះនេះ បានធ្វើឡើងភ្លាមៗ ទាំងដែលមិនធ្លាប់ មានតំរុយណា មួយបង្ហាញថា លោក ស៊ុក សុភា និងភរិយា ដែលកំពុងរស់ នៅប្រទេសអូស្ត្រាលី មានរឿងរំកាំរកូសគ្នាឡើយ ពោលគឺរាល់ពេល ដែលគេទាំងពីរបង្ហាញ សកម្មភាពលើហ្វេសប៊ុក សុទ្ធតែមានភាពផ្អែមល្ហែម ល្អូកល្អឺន ដូចស្រមោចនិងស្កជានិច្ច ។ ដូច្នេះហើយទើប មានមហាជន ជាច្រើនបានសម្ដែងអារម្មណ៍ សោកស្ដាយយ៉ាងខ្លាំង ទៅលើចំណងស្នេហ៍ ប្ដីប្រពន្ធមួយគូនេះ ដែលបានសាងឡើងរួមគ្នា អស់រយៈពេល ជាង ១០ឆ្នាំមកហើយ ។
អ្នកនាង លុយ រីម៉ា បានសរសេរប្រកាសលែងលះ ជាមួយស្វាមីរបស់ខ្លួនគឺអតីតតារាសម្ដែង និងបង្ហាញម៉ូដលោក ស៊ុក សុភា ដោយមិនមានក្រែងចិត្ត យ៉ាងដូច្នេះថា “សុំជូនដំណឹងដល់បងប្អូន ទាំងអស់គ្នា អោយបានដឹងថា៖ ខ្ញុំនិង ស៊ុក សុភា លែងលះគ្នាហើយ ដូច្នេះចាប់ពីថ្ងៃនេះទៅ គាត់ធ្វើអ្វីជាសិទ្ធរបស់គាត់ រីឯខ្ញុំក៏ជាសិទ្ធរបស់ខ្ញុំ។មូលហេតុ សុំមិនបកស្រាយ មានតែពាក្យថា ឆ្អែត!” ។
យ៉ាងណាក៏ដោយសម្រាប់មូលហេតុ នៃការសម្រេចចិត្តដើរ ផ្លូវផ្សេងគ្នានេះ Lookingtoday នៅមិនទាន់អាចសុំការបញ្ជាក់ ពីសំណាក់សាមីខ្លួនទាំងពីរ បានឡើយ ដោយសារមិនអាចទំនាក់ទំនងបាន (ផ្ញើសារមិនមានឆ្លើយតប) ។
សូមបញ្ជាក់ថា លោក ស៊ុក សុភា និងអ្នកនាង លុយ រីម៉ា ហៅ ហ្សារីណា បានចូលរោងការកាលពីឆ្នាំ ២០១២ បន្ទាប់ពីអ្នកនាង លុយ រីម៉ា បានលែងលះជាមួយអតីតស្វាមីរបស់នាង ដោយបន្សល់ទុកកូនចំនួន២នាក់ ។
បន្ទាប់ពីរៀបការរួច លោក ស៊ុក សុភា និងអ្នកនាង លុយ រីម៉ា បានដឹកដៃគ្នាទៅរស់នៅប្រទេសអូស្ត្រាលី រហូតដល់បច្ចុប្បន្ន ហើយគេទាំងពីរ ក៏ទទួលបានចំណងដៃកូន ៣នាក់ជាមួយគ្នាផងដែរ ៕
ដោយ៖ ម៉ានី