បរទេស៖អគ្គលេខាធិការអង្គការសម្ពន្ធមិត្តយោធា ណាតូ នៅថ្ងៃសុក្រនេះ បានអំពាវនាវឲ្យរុស្ស៊ីបើកចំហស្តីពី សមយុទ្ធយោធា Zapad-2021 និងចំនួនកងទ័ពដែលចូលរួម ស្របពេលក្តីព្រួយបារម្ភមាន ការកើនឡើង នៅក្នុងប្រទេសប៉ូឡូញ តំបន់សមុទ្របាល់ទិក និងអ៊ុយក្រែន ស្តីពីបំណងរបស់ទីក្រុងមូស្គូ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Jens Stoltenberg បាននិយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ថា “ប្រទេសរុស្ស៊ី គួរតែមានឥរិយាបថ តាមបែបអាចស្មានដឹងនិងមានតម្លាភាព”។
ដោយជំរុញទីក្រុងមូស្គូឲ្យបំពេញតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមឯកសារទីក្រុងវីយែន ដែលជាកិច្ចព្រមព្រៀងអន្តរជាតិមួយគ្រប់គ្រងលើសមយុទ្ធយោធា នៅក្នុងតំបន់អឺរ៉ុបនោះ លោក Jens Stoltenberg បានមានប្រសាសន៍ថា “អ្វីដែលយើងបានឃើញពីមុននោះ គឺចំនួនកងទ័ពចូលរួមក្នុងសមយុទ្ធ ច្រើនលើសខ្លាំងពីចំនួនដែលបានប្រកាស”។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី ដែលនឹងរួមកម្លាំងគ្នាជាមួយកងទ័ព របស់ប្រទេសបេឡារុសនោះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា វាស្ថិតនៅក្នុងសិទ្ធិរបស់ខ្លួន ក្នុងការធ្វើសមយុទ្ធនៅលើទឹកដីរបស់ខ្លួន និងប្រាកដច្បាស់ពីចំនួនដែលចួលរួម៕