ភ្នំពេញ៖ លោកស្រី ប៉ែន ស្រីមុំ ប្រធានសមាគម Cambodia Cycling Academy បានមានប្រសាសន៍ តាមសារអេឡិកត្រូនិកថា កីឡាករទោចក្រយានកម្ពុជា ចំនួន៣រូប ដែលទៅហ្វឹកហាត់រយៈពេល៣ខែ នៅប្រទេសបារាំងនោះ បានបញ្ចប់បេសកកម្មរបស់ខ្លួន នៅទីនោះយ៉ាងជោគជ័យ និងត្រៀមត្រឡប់ មកមាតុប្រទេសវិញហើយ នៅសប្តាហ៍នេះ។
លោកស្រីប្រធានសមាគម បានឲ្យដឹងថា កីឡាករទោចក្រយានទាំង៣នាក់ របស់កម្ពុជា ដែលមកហ្វឹកហាត់រយៈពេល៣ខែ នៅប្រទេសបារាំងឃើញថា ទទួលបានបទពិសោធន៍ និងបច្ចេកទេសថ្មីៗជាច្រើនបន្ថែម ពីលើអ្វីដែលពួកគេធ្លាប់មានកន្លងមក។ ពិសេសពួកគេបានចូលរួម ប្រកួតកម្រិតអន្តរជាតិ ជាមួយកីឡាករអឺរ៉ុបជាច្រើននាក់ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ហើយថែមទាំងអាចទទួលបាន គុណផលល្អទៀតផង។
លោកស្រី ប៉ែន ស្រីមុំ និងស្វាមី ដែលប្រៀបបានទៅនឹង អាណាព្យាបាលរបស់អ្នកទាំង៣ ពេលនៅប្រទេសបារាំង បានសម្តែងអារម្មណ៍រីករាយ ជាពន់ពេកដែលមានឱកាស បណ្តុះធនធានកីឡាទោចក្រកម្ពុជា ពិសេសគឺយុវជន ដែលមានទឹកចិត្តស្រឡាញ់ វិស័យកីឡាទោចក្រយាននេះ ពិតប្រាកដ។ សូមបញ្ជាក់ថា កីឡាករទោចក្រយានកម្ពុជា ៣រូបឈ្មោះ គឹម ចាន់ធូ, សាន ណាម៉ាវ និង សាន ណាម៉ា ត្រូវបានសមាគម Cambodia Cycling Academy នាំយកមកហ្វឹកហាត់រយៈពេល៣ខែ នៅប្រទេសបារាំង។
ក្នុងអំឡុងពេលហ្វឹកហាត់នៅទីនេះ អ្នកទាំង៣ ក៏ទទួលបានឱកាសចូលរួម ប្រកួតដកស្រង់បច្ចេកទេសផងដែរ។ បើតាមលោកស្រី ប៉ែន ស្រីមុំ ប្រធានសមាគម Cambodia Cycling Academy បានឲ្យដឹងថា កីឡាករទាំង៣ មិនត្រឹមតែហ្វឹកហាត់ នៅប្រទេសបារាំងទេ ប៉ុន្តែលោកស្រីថែមទាំងផ្តល់ឱកាស នាំពួកគេទៅប្រកួតនៅអឺរ៉ុបខាងកើត ដូចជាប្រទេសរ៉ូម៉ានី ប៉ូឡូញ អេស្តូនី និងម៉ុងតេណេហ្គ្រោថែមទៀត។
នៅពេលនេះ ពួកគេបានបញ្ចប់បេសកកម្ម ជាស្ថាពរហើយ និងត្រៀមត្រឡប់មកប្រទេសកម្ពុជាវិញ ហើយគ្រោងនឹងមកដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ៕