បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិ នៃប្រទេសរុស្ស៊ី និងឥណ្ឌា កាលពីថ្ងៃពុធ បានជួបពិភាក្សាគ្នា អំពីប្រទេសអាហ្វហ្គានីស្ថាន ហើយបានឯកភាពថា ក្រុមសកម្មប្រយុទ្ធបរទេស ដែលប្រតិបត្តិការពីដីរបស់ខ្លួន បង្កការគំរាមកំហែង ដល់បណ្តាប្រទេសអាស៊ីកណ្តាល និងឥណ្ឌា។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមប្រភព បាននិយាយថា មានតម្រូវការសម្រាប់ពួកតាលីបង់ ដើម្បីគោរពតាមការសន្យា ដែលពួកគេបានសន្យា បន្ទាប់ពីកិច្ចប្រជុំរវាងលេខាធិការ ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Nikolay Patrushev និងទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval។
សូមជម្រាបថា កាលពីកន្លងទៅ សកម្មជនជាស្រី និស្សិត និងបុគ្គលិករដ្ឋាភិបាល បានទាមទារថា សិទ្ធិរបស់ពួកគេត្រូវបានធានា។ ពួកគេបានព្រមានថា គ្មានរដ្ឋាភិបាលណាមួយ នឹងមានស្ថិរភាពទេ បើគ្មានវត្តមានស្ត្រីនោះ។

អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានប្រាប់កាសែតអ៊ីតាលី La Repubblica ថា នឹងមិនមានរដ្ឋមន្រ្តីជាស្ត្រី នៅក្នុងរដ្ឋាភិបាលរួបរួមថ្មី ដែលលោកបាននិយាយថា របបនេះជិតឈានដល់ ការបង្កើតហើយ។ យ៉ាងណាក៏ដោយ លោកក៏មិនបដិសេធថា ស្ត្រីនឹងត្រូវបានអនុញ្ញាត ឱ្យកាន់តួនាទីបន្ទាប់បន្សំ នៅក្នុងរដ្ឋបាលប៉ូលីស និងតុលាការ នោះដែរ៕ ប្រែសម្រួលៈ ណៃ តុលា
