បើទោះបីសិង្ហបុរី មានភាពល្បីល្បាញ ក្នុងនាមជាទីក្រុងដែលមានភាពអ៊ូរអរក៏ដោយ ប៉ុន្តែ លោកអ្នកក៏នៅតែអាចធ្វើដំណើរទៅកម្សាន្តលើកោះ ដើម្បីសម្រាកលំហែរផងដែរ។ ប្រសិនបើអ្នកធុញថប់ នឹងការជួបមនុស្សច្រើន និងចង់សម្រាកលំហែរនៅកន្លែង ដែលមានធម្មជាតិឡោមព័ទ្ធជុំវិញ និងមានភាពរ៉ូមែនទិក ជាមួយនឹងដៃគូ ថ្ងៃនេះ Sabay សូមធ្វើការណែនាំកន្លែងកម្សាន្តចំនួន៦កន្លែង ដែលលោកអ្នកអាចសាកល្បងបាន ប្រសិនបើបានទៅលេងនៅសិង្ហបុរី។
១. កោះ Sentosa Cove/Quayside Isle
កោះ Sentosa នៅតែជាជម្រើសទី១ សម្រាប់ប្រជាជនសិង្ហបុរី និងភ្ញៀវទេសចរណ៍ ដែលចង់គេចចេញពីជីវិតទីក្រុង ដែលមានភាពអ៊ូរអរខ្លាំង។ ក្រៅពីអាចធ្វើដំណើរកម្សាន្ត នៅតាមឆ្នេរដ៏ពេញនិយម Palawan និង Tanjong លោកអ្នកក៏អាចធ្វើដំណើរទៅកាន់កោះ Quayside Isle នៅ Sentosa Cove ផងដែរ ដោយនៅទីនោះ មានជម្រើសនៃការ ញាំអាហារពេលល្ងាចជាច្រើន ដូចជា នៅញាំនៅ Mykonos ជាប់ឆកសមុទ្រ និង Sabio by the Sea ដែលស្ថិតក្បែរមាត់ទឹក និងក្បែរកប៉ាល់ធំៗជាច្រើន។
នៅពេលដែលញាំអាហារ រួចរាល់ហើយ លោកអ្នកអាចធ្វើដំណើរទៅកាន់ Auriga Spa នៅឯសណ្ឋាគារ Capella Singapore ដោយនៅទីនោះ មានហាងហែលទឹកឯកជនមួយ និងឡោមព័ទ្ធជាមួយនឹងទេសភាព ដ៏ស្រស់ស្អាតនៅក្បែរកោះ Southern Islands។
២. ស្រុក Bukit Timah
Bukit Timah គឺជាតំបន់ដែលមានផ្លូវខ្វាត់ខ្វែង និងអគារជាច្រើន ប៉ុន្តែ ក្នុងស្រុកនេះ ក៏មានកន្លែងដែលមានផ្តល់នូវភាពស្ងប់ស្ងាត់ជាច្រើនកន្លែងផងដែរ។ លោកអ្នកអាចធ្វើដំណើរឡើងភ្នំ Bukit Timah Hill ឬបង្កើតដំណើរផ្សងព្រេង តាមរយៈការធ្វើដំណើរកម្សាន្តចូលទៅកាន់ កន្លែងការពារព្រៃធម្មជាតិ Bukit Timah Nature Reserve តាមរយៈការជិះកង់ ឬដោយថ្មើរជើង។ ជាមួយគ្នានេះ លោកអ្នកក៏អាចធ្វើដំណើរកម្សាន្ត ទៅកាន់កន្លែងចិញ្ចឹមសេះ ក៏ដូចជាជិះសេះលេងកម្សាន្ត នៅចុងសប្តាហ៍ផងដែរ។
៣. ផ្លូវរថយន្តភ្លើង Rail Corridor
ក្រោយពីបានផ្អាកមួយរយៈខ្លី Rail Corridor បើកឲ្យដំណើរការឡើងវិញហើយ ខណៈដែលកន្លែកម្សាន្តលើកំណាត់ផ្លូវរថភ្លើងមួយនេះ នឹងនាំយកភ្ញៀវទេសចរណ៍ ធ្វើដំណើរឆ្លងកាត់កន្លែង ដែលមានទេសភាពស្អាតជាច្រើន ក៏ដូចជាតំបន់បេតិកភណ្ឌជាតិ ដើម្បីទទួលយកបទពិសោធន៍ ដែលមិនធ្លាប់មានពីមុនមក។
ក្រៅពីឡោមព័ទ្ធ ដោយទេសភាពពណ៌បៃតង លោកអ្នកក៏អាចទស្សនាជីវិតសត្វក្នុងព្រៃ និងដើរកម្សាន្តក្នុងសួនឧស្យានបែបធម្មជាតិជាដើម ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរបស់អ្នក ជាមួយនឹងអេកូទេសចរណ៍ កាន់តែស្អិតរមួតបន្ថែមទៀត។ សម្រាប់ដំណើរកម្សាន្តនៅ Rail Corridor លោកអ្នកត្រូវធ្វើដំណើរប្រមាណជា ២៤គីឡូម៉ែត្រ ហើយក៏ធ្វើដំណើរឆ្លងកាត់តំបន់ Bukit Timah ផងដែរ។
៤. កំពង់ផែ Robertson Quay
នៅតំបន់ទាក់ទាញ ភ្ញៀវទេសចរណ៍មួយនេះ លោកអ្នកអាចសម្រាកលំហែរ ដោយការអង្គុយលើសាឡុង នៅក្នុងហាងកាហ្វេ Book Café ស្របពេលដែលទៅទីនោះ ប្រមូលផ្តុំដោយទស្សនាវដ្តី កាសែតបរទេស និងក្នុងស្រុកជាច្រើន បូករួមទាំងការប្រើប្រាស់ Wi-Fi ដោយឥតគិតប្រាក់ផងដែរ។
ជាមួយគ្នានេះ Reading Room ក៏ជាកន្លែងសម្រាប់ការអង្គុយកម្សាន្ត និងអានសៀវភៅផងដែរ ដោយនៅទីនោះ មានរចនាជាមួយនឹងឈឺយ៉ាងស្រស់ស្អាត និងប្រមូលផ្តុំជាមួយ នឹងសៀវភៅជាច្រើន។ លោកអ្នកក៏អាទៅហាត់កីឡាយូហ្គា នៅ Yoga Movement ផងដែរ ដែលស្ថិតនៅពីលើហាងកាហ្វេ Common Man Coffee Roasters ហើយមិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចទៅកម្សាន្តនៅវិទ្យាស្ថាន STPI ឬក៏រោងល្ខោន Singapore Repertory ដែលមានការសម្តែង និងការគំបន្ត្រី ជាដើម។
៥. កោះ Punggol Waterfront/Coney Island
កោះ Punggol មានចម្ងាយឆ្ងាយពីទីក្រុងបន្តិច ប៉ុន្តែ អ្នកនឹងមានការភ្ញាក់ផ្អើល ចំពោះជម្រើសជាច្រើន ដែលកំពុងតែរង់ចាំលោកអ្នកនៅលើកោះនេះ។ លោកអ្នកអាចទៅកម្សាន្ត នៅតាមសួនឧស្យាន Punggol Waterway Park តាមរយៈការជួលតាមអហាងជាច្រើន ស្របពេលដែលលោកអ្នក ក៏អាចទៅស្រស់ស្រូបគុយទាវ នៅភោជនីយដ្ឋាន The White Restaurant ដែលមិនឆ្ងាយពី Coney Island ឡើយ។
ជាងនេះទៅទៀត លោកអ្នកក៏អាចធ្វើដំណើរ ទៅកម្សាន្តនៅលើស្ពាធ Lorong Halus ដើម្បីគយគន់ទេសភាពដ៏ស្រស់ស្អាត នៃធម្មជាតិ ដែលឡោមព័ទ្ធដោយបឹង ដើមតែងខ្ពស់ៗ ជួរថ្មពណ៌ស ហើយលោកអ្នកក៏អាចមើលថ្ងៃលិច នៅទីនោះផងដែរ។
៦. ស្រុក Civic
តើលោកអ្នកច់សម្រាក និងគេចផុតពីខ្យល់ ក្នុងទីក្រុងមែនទេ? ការសម្រាកលំហែរនៅ Capitol Piazza គួរតែជាចម្លើយសម្រាប់លោកអ្នក ដែលនៅមិនឆ្ងាយពីស្ថានីយរថភ្លើង City Hall MRT ឡើយ។ តើលោកអ្នកចង់ធ្វើក្រចក និងធ្វើសក់របស់អ្នកនៅ Branché ទេ? លោកអ្នកគ្រាន់តែទិញកាហ្វេពី Hoshino Coffee ហើយបន្ទាប់មក ចូលទៅកាន់កន្លែងធ្វើសក់ និងធ្វើក្រចក Scentre។ ជាមួយគ្នានេះ កុំភ្លេចទៅទស្សនាការតាំងពិពណ៌នានា នៅវិចិត្រសាលជាតិ ខណៈដែលការទៅទស្សនានៅពេលល្ងាច គឺជាពេលដ៏ល្អបំផុត៕ ប្រភព៖ សប្បាយ