ព័ត៌មានអន្តរជាតិ

អាមេរិក បន្តអំពាវនាវឲ្យមាន កិច្ចពិភាក្សាគ្នាជាមួយ កូរ៉េខាងជើង

បរទេស៖នៅថ្ងៃអង្គារនេះ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានបន្តធ្វើការអំពាវនាវឲ្យមានកិច្ចពិភាក្សាគ្នា ជាមួយប្រទេសកូរ៉េខាងជើង និងបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន គ្មានបំណងប្រកបដោយអរិភាព ចំពោះទីក្រុងព្យុងយ៉ាងនោះទេ។

ថ្លែងនៅក្នុងជំនួបកំពូលមួយនៃប្រេសិតនុយក្លេអ៊ែរបស់កូរ៉េខាងត្បូង ជប៉ុននិងសហរដ្ឋអាមេរិក ដែលប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងតូក្យូនោះ ប្រេសិតពិសេសទទួលបន្ទុកកិច្ចការកូរ៉េខាងជើងរបស់ទីក្រុងវ៉ាស៊ីនតោន លោក Sung Kim បាននិយាយថា ប្រទេសរបស់លោក ចង់ដោះស្រាយបញ្ហាទាំងអស់ជាមួយកូរ៉េខាងជើង តាមរយៈកិច្ចចរចាគ្នា។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានដកស្រង់សម្តីលោក Sung Kim ដែលមានប្រសាសន៍យ៉ាងដូច្នេះថា “ដូចដែលយើងបានធ្វើឲ្យច្បាស់លាស់ម្តងហើយម្តងទៀតនោះ សហរដ្ឋអាមេរិក គ្មានបំណងប្រកបដោយអរិភាព ចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនោះទេ”។

យោងតាមសេចក្តីរាយការណ៍ លោកបានបន្តសំណើរបស់លោក ឲ្យប្រទេសកូរ៉េខាងជើង វិលត្រឡប់មកធ្វើការពិភាក្សាគ្នា ទន្ទឹមនឹងធ្វើការកត់សម្គាល់ថា ដំណើរវិវត្តន៍ថ្មីៗនៅកូរ៉េខាងជើង គឺជាការរំឭកមួយពីសារៈសំខាន់នៃសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តរបស់ខ្លួន៕ប្រែសម្រួល៖ប៉ាង កុង


Most Popular

To Top