ព័ត៌មានអន្តរជាតិ

ហ្វីលីពីន គាំទ្រកិច្ចព្រមព្រៀង នាវាមុជទឹកអូស្ត្រាលី ដើម្បីទប់ទល់នឹងចិន

បរទេស៖ ប្រទេសហ្វីលីពីន តាមសេចក្តីរាយការណ៍ កំពុងធ្វើការគាំទ្រ ចំពោះភាពជាដៃគូ ការពារជាតិថ្មីមួយ រវាងសហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលី ដោយសង្ឃឹមថា វានឹងអាចរក្សាតុល្យភាពអំណាច នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាទស្សនៈមួយ ដែលខុសគ្នា ជាខ្លាំងជាមួយនឹង ប្រទេសជិតខាងខ្លះ។

សម្ពន្ធភាពថ្មី ដែលមានឈ្មោះថា AUKUS នឹងឃើញប្រទេសអូស្ត្រាលី ទទួលបានបច្ចេកវិទ្យា ប្រើប្រាស់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែ ជាផ្នែកនៃកិច្ចព្រមព្រៀង ដែលមានបំណងឆ្លើយតបទៅនឹង អំណាចរបស់ចិន កំពុងតែកើនខ្លាំងឡើង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃអង្គារនេះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពសម្ពន្ធមិត្តជិតឆ្ងាយ ដើម្បីពង្រឹងអំណាច គួរតែធ្វើការស្តារនិងរក្សាតុល្យភាព ជាជាងការធ្វើឲ្យវាគ្មានស្ថិរភាព”។

គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់លោក Teodoro Locsin នេះ គឺមានភាពខុសគ្នានឹងគោលជំហរ របស់ប្រទេស ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី ដែលបានបង្ហាញពីក្តីព្រួយបារម្ភ ស្តីពីនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែនោះ ស្របពេលមាន ការប្រកួតប្រជែងអំណាច នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top