ព័ត៌មានអន្តរជាតិ

អាមេរិក ចាប់ផ្តើមវាយប្រហារ ពីលើអាកាស ទៅលើមេដឹកនាំជាន់ខ្ពស់ របស់ក្រុមភេរវករ អាល់កៃដា នៅស៊ីរ៊ី

បរទេស៖ មន្ទីរប៉ង់តាហ្គោន របស់អាមេរិក បានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាស ប្រឆាំងមេដឹកនាំជាន់ខ្ពស់ ក្រុមភេរវករ អាល់កៃដា ដែលមានទីតាំងស្ថិតនៅ ក្នុងខេត្តអ៊ីដលីប ជាខេត្តភាគខាងជើង ប្រទេសស៊ីរី កាន់កាប់ដោយ កងទ័ពតួកគី និងក្រុមជីវពលឧទ្ទាមឥស្លាម ជ្រុលនិយម។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា «កងកម្លាំងអាមេរិក បានធ្វើវាយប្រហារ តាមដែនអាកាស ប្រឆាំងភេរវកម្ម នៅក្បែរទីក្រុងអ៊ីដលីប ប្រទេសស៊ីរី នៅថ្ងៃនេះ ទៅលើមេដឹកនាំ អាល់កៃដា ជាន់ខ្ពស់ម្នាក់»។ នេះបើតាមអ្នកនាំពាក្យ មន្ទីរបញ្ចកោណលោក John Kirby បាននិយាយកាលពីថ្ងៃចន្ទ។

លោកបន្តថា «ការចង្អុលបង្ហាញដំបូង គឺយើងបានវាយទៅលើ បុគ្គលដែលយើងមានបំណង ហើយមិនមានការចង្អុលបង្ហាញ អំពីការស្លាប់និងរបួស របស់ជនស៊ីវិល ដែលជាលទ្ធផល នៃវាយប្រហារនេះ នោះទេ»។

លោក Kirby បាននិយាយថា គាត់មិនមានព័ត៌មានលម្អិតបន្ថែម អំពីអត្តសញ្ញាណ របស់គោលដៅនោះទេ ប៉ុន្តែយោងតាម SITE Intelligence Group ការជជែកគ្នាតាមប្រព័ន្ធផ្សព្វផ្សាយ ដោយក្រុមឧទ្ទាមស៊ីរី បានបង្ហាញថា ការវាយប្រហារនេះ បានសម្លាប់ Abu al-Bara ‘al-Tunisi និង Abu Hamza al-Yemeni យុទ្ធជនពីរនាក់ ជាមួយ Tanzim Hurras ad -Din (Guardians of Religion Organization) ជាកងជីវពលនៅភាគខាងជើង ប្រទេសស៊ីរី ដែលមានទំនាក់ទំនង ជាមួយអាល់កៃដា៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top