បរទេស៖ បណ្តាប្រទេសណាតូ តែងតែបញ្ជូនយន្តហោះនិងយន្តហោះគ្មានមនុស្សបើករបស់ពួកគេ ទៅល្បាតនៅជិតព្រំដែនប្រទេសរុស្ស៊ី ជាពិសេសព្រំដែនខាងលិចរបស់ប្រទេស។ ជាលទ្ធផល កងទ័ពអាកាសរុស្ស៊ីតែងតែបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនដើម្បីការពារយន្តហោះទាំងនោះដែលចូលមកជិតព្រំដែន។ វិមានក្រឹមឡាំងរុស្ស៊ី បានបរិហារអាកប្បកិរិយារបស់យន្ដហោះណាតូម្តងហើយម្តងទៀត ផងដែរ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា កងទ័ពអាកាសរុស្ស៊ីបានបញ្ជួនយន្តហោះចម្បាំងប្រភេទ Su-35S ជំនាន់ទី ៤ ចំនួន ៣ គ្រឿង ដើម្បីស្ទាក់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយប្រភេទ B-52H របស់កងទ័ពអាកាសអាមេរិក ដែលបានមកជិតព្រំដែនប្រទេសរុស្ស៊ីនៅមហាសមុទ្រប៉ាស៊ីហ្វិក។ បើតាមក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា យន្តហោះចម្បាំងទាំង ៣ គ្រឿង បានហោះអមយន្តហោះទម្លាក់គ្រាប់បែកអាមេរិក ឱ្យចេញពីដែនអាកាសរុស្ស៊ី។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី បានសង្កត់ធ្ងន់ថា យន្តហោះទម្លាក់គ្រាប់បែកត្រូវបានស្ទាក់បានមុនពេល យន្តហោះនេះអាចឆ្លងកាត់ព្រំដែនរុស្ស៊ី។ សេចក្តីថ្លែងការណ៍បានបន្ថែមថា កងទ័ពអាកាសរុស្ស៊ីបានគោរពយ៉ាងពេញលេញដោយច្បាប់អាកាសចរណ៍អន្តរជាតិ ក្នុងការអមដំណើរយន្តហោះអាមេរិក៕ប្រែសម្រួលៈ ណៃ តុលា