លោក Pep Guardiola ចង់ឃើញវត្ដមានរបស់ខ្សែប្រយុទ្ធ Lionel Messi លេងឱ្យក្រុម PSG នៅរាត្រីនេះ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League ទល់ក្រុម Manchester City របស់ខ្លួន។
ព្រឹត្តិការណ៍ធំប្រចាំតំបន់អឺរ៉ុប UEFA Champions League បានត្រលប់មកវិញនៅយប់នេះហើយ ដោយគូធំជាងគេនោះ គឺការប៉ះគ្នារវាងក្រុម PSG ទល់ Man City នៅវេលាម៉ោង២រំលងអាធ្រាត្រ។ ខណៈដែលការប្រកួតនេះដែរ អ្នកគាំទ្រចង់ឃើញវត្តមានរបស់ Messi អាចចូលលេងវិញបាន ក្រោយខកខានដោយសារ របួសជង្គង់២ប្រកួតមកហើយ។
ដោយសូម្បីលោក Pep ដែលជាអ្នកចាត់ការក្រុម Man City នោះ ក៏ចង់ឃើញអតីតកីឡាករ Barcelona រូបនេះបង្ហាញខ្លួនវិញដែរ។ “សង្ឃឹមថាគាត់នឹងបានលេង ដើម្បីជាប្រយោជន៍ក្នុងការប្រកួត។ វាពិតជាភ្ញាក់ផ្អើលសម្រាប់គ្រប់គ្នា ប៉ុន្តែអ្វីដែលកើតឡើង បានកើតឡើងហើយ។ គ្រប់គ្នាត្រូវតែទទួលយកវា។ ពីមុនមក អ្នកមិនដែលស្រមៃថា ទៅជាបែបនេះទេ ប៉ុន្តែវាបានកើតឡើង។ នៅក្នុងជីវិត អ្នកមិនអាចដឹងទេថា អ្វីដែលអាចកើតឡើង។ ខ្ញុំច្បាស់ថាគាត់នឹងសប្បាយចិត្តនៅ ប៉ារីស”។ សម្ដីរបស់លោក Pep។
រំលឹកថារបួសជង្គង់បានធ្វើឱ្យ Messi ខកខានប្រកួតឱ្យ PSG ២ប្រកួតមកហើយ។ រូបគេបានចូលហាត់ជាមួយក្រុម បានវិញកាលពីម្សិលមិញនេះ ហើយក៏រំពឹងថា នឹងអាចចូលលេងទល់ក្រុម Man City បានផងដែរ ដែលជាប្រកួតសំខាន់៕ Source: Sabay