ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ថ្មីចូលក្នុងសមុទ្រ

បរទេស៖មន្ត្រីយោធារបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង បានបាញ់តេស្តសាកល្បងមីស៊ីលវាយប្រហារក្នុងរយចម្ងាយខ្លី ចូលទៅក្នុងសមុទ្រ នៅព្រឹកថ្ងៃអង្គារនេះ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន UPI។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា មីស៊ីលនោះ ត្រូវបានបាញ់ចូលទៅក្នុងសមុទ្រភាគខាងកើតនៃប្រទេសកូរ៉េខាងជើង ពីតំបន់ដីគោកមួយកន្លែង កាលពីម៉ោង៦និង៤០នាទីព្រឹក ម៉ោងក្នុងតំបន់ ប៉ុន្តែមិនបានបញ្ជាក់ថា តើមីស៊ីលនោះជាប្រភេទមីស៊ីលផ្លោងដែរឬក៏អត់នោះទេ។

យោធារបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយយ៉ាងដូច្នេះថា “យោធារបស់យើង កំពុងតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះសកម្មភាពពាក់ព័ន្ធនានា ដោយសហការជាមួយសហរដ្ឋអាមេរិក និងរក្សាគោលជំហរ ក្នុងការត្រៀមសម្រាប់ការបាញ់តេស្តបន្ថែមទៀត”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិកអាមេរិក បាននិយាយថា មីស៊ីលមិនបានបង្កការគម្រាមកំហែងភ្លាមៗ ចំពោះសហរដ្ឋអាមេរិក ឬក៏សម្ពន្ធមិត្តនោះទេ ប៉ុន្តែការបាញ់តេស្ត បានបង្ហាញនូវឥទ្ធិពលបង្កអស្ថិរភាពរបស់កម្មវិធីអាវុធខុសច្បាប់របស់កូរ៉េខាងជើង៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top