Khabane “Khaby” Lame គឺជាបុគ្គលល្បីឈ្មោះទី២ប្រចាំ TikTok ដែលមានអ្នក Follow ច្រើនជាងគេបង្អស់លើបណ្ដាញសង្គមនេះ។ លោកគឺជាតារា TikTok ដែលមានអ្នកចាប់អារម្មណ៍ច្រើន ដោយសារតែវីដេអូបែបកំប្លែងស្ងួត មិនបាច់និយាយ ឬធ្វើអ្វីហត់ក៏វីដេអូផ្ទុះការគាំទ្រខ្លាំងដែរ។ ប៉ុន្តែដើមហេតុដំបូងនាំលោកល្បីដូចសព្វថ្ងៃនេះ មិនមែនគ្រប់គ្នាសុទ្ធតែអាចស្មានត្រូវពីខ្សែជីវិតរបស់លោកទេ។
នៅពេលប្រទេសអ៊ីតាលី រងការវាយប្រហារដោយជំងឺឆ្លងកូវីដ-១៩ កាលពីឆ្នាំមុន ប្រទេសនេះក៏សម្រេចបិទខ្ទប់ (Lockdown) ជាបណ្ដោះអាសន្ន ជាហេតុបណ្ដាអាជីវកម្ម ក៏ដូចជាក្រុមហ៊ុនមួយចំនួនសម្រេចផ្អាកសកម្មភាពការងារ និងបញ្ឈប់បុគ្គលិកខ្លះចេញ។ ស្របពេលមានបញ្ហាសេដ្ឋកិច្ចបែបនេះ Khabane Lame ក៏ក្លាយជាមនុស្សម្នាក់ដែលត្រូវបាត់បង់ការងារនៅរោងចក្រដែលខ្លួនធ្លាប់ធ្វើដែរ។
ក្រោយក្លាយជាអ្នកដើរទាត់ខ្យល់ លោកក៏បានចំណាយពេលនៅតែផ្ទះរបស់ឪពុកម្ដាយ នៅ Chivasso ជាមួយនឹងបងប្អូន ៣នាក់ទៀត ហើយអង្គុយឆែករកការងារធ្វើតាមអ្វីដែលខ្លួនអាចធ្វើបាន។ ថ្ងៃមួយលោកបាន Download កម្មវិធីកម្សាន្ត TikTok និងចាប់ផ្ដើមលេងក្នុងបន្ទប់ ហើយបង្ហោះវីដេអូថតខ្លួនឯងហូរហែ។
មិនខុសពីតារា TikTok ទូទៅផ្សេងទៀតទេ ដំបូងឡើយលោកគ្រាន់តែបង្កើតវីដេអូឃ្លីបរាំ មើលវីដេអូហ្គេម ឬក៏វីដេអូកំប្លែងផ្សេងទៀត។ បន្ទាប់មកនៅដើមឆ្នាំនេះ ស្រាប់តែលោកចាប់ផ្ដើមនឹកឃើញបង្កើតវីដេអូបែបកំប្លែងតបនឹងវីដេអូ Life-Hack ផ្សេងដែលផ្ទុះពេញ TikTok។ លោកបានធ្វើវីដេអូ React លើវីដេអូទាំងនោះ ហើយទទួលបានមកវិញនូវការចូលចិត្តច្រើនមិនធម្មតា។
ឈានដល់ពេលនេះ Lame គឺជាបុរសដែលល្បីខ្លាំងបំផុតលើ TikTok ជាមួយនឹងអ្នក Follow ចំនួន ១១៤លាននាក់ទៅហើយ ហើយមនុស្សតែម្នាក់គត់ដែលនាំមុខ Lame គឺ អ្នករាំដ៏ចំណាប់ Charli D’Amelio។
អ្វីដែលគួរឲ្យសរសើរនោះ ភាពល្បីល្បាញដែល Lame យុវជនវ័យ ២១ឆ្នាំរូបនេះទទួលបាន គឺបានមកពីវីដេអូកំប្លែងបែបស្ងប់ស្ងាត់ ដោយមិននិយាយស្ដីសូម្បីមួយម៉ាត់ ឬធ្វើកាយវិការហត់ច្រើនក៏មានអ្នកសើចដែរ៕http://ប្រភព៖sabay