ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រដាល់សាកល ដែលគេប្រសិទ្ធិនាមថា ”Ultimate Boxing Championship“ ដែលរៀបចំឡើង ដោយសហព័ន្ធ
កីឡាប្រដាល់សាកលកម្ពុជា នៃថ្ងៃទី១០តុលានេះ អ្នកលេងកណ្ដាប់ដៃ ទម្ងន់៦៣,៥០គីឡូក្រាម ចំនួន៤រូប នឹងប្រជែងគ្នាដណ្ដើម យកលុយប្រាក់លាន ។
អ្នកប្រដាល់សែត សារិទ្ធ មកពីសមាគមប្រដាល់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវជួបជាមួយអ្នកប្រដាល់ជើងខ្លាំង ទូច ដេវីដ មកពីក្រុមជម្រើសជាតិ ។ សែត សារិទ្ធ ដែលមានកំពស់១,៧០ ម៉ែត្រ នោះគេមានប្រវត្តិប្រកួត ចំនួន២៥ដង ឈ្នះ១៧ដង ចាញ់៥ដង និងស្មើពិន្ទុ៣ដង ។ ចំពោះអ្នកប្រដាល់ ដេវីដ ដែលជាអ្នកប្រដាល់ជម្រើសជាតិ នោះគេមានកំពស់១,៧០ម៉ែត្រ ដែរគេមានប្រវត្តិប្រកួត ចំនួន៣២ដង ឈ្នះ២៧ដងនិងចាញ់ចំនួន៥ដង ។
សម្រាប់អ្នកប្រដាល់ ទាំង២រូបនេះ គេទំនងជាចាប់អារម្មណ៍លើទូចដេវីដ ជាងហើយព្រោះគេជាអ្នកប្រដាល់ ដែលកំពុងតែហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិ ។ សារិទ្ធ ទោះបីគេមិនមែន ជាអ្នកប្រដាល់ ដែលមានការចាប់អារម្មណ៍ច្រើន ក៏ពិតមែនក៏គេ ជាអ្នកប្រដាល់ ដែលមានប្រវត្តិប្រកួត មិនអន់នោះឡើយ ។
ដេវីដប្រសិនបើគេឈ្នះ ក្នុងការប្រកួតនេះគេនឹងកាន់ តែអស្ចារ្យតែបើគេចាញ់វិញនោះ ច្បាស់ជាមានគេបន្ទោសថា ហ្វឹកហាត់ក្នុងក្រុម
ជម្រើសជាតិហើយ បែរជាចាញ់ក្រោមកណ្ដាប់ដៃ អ្នកប្រដាល់ដែលសាមញ្ញ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ អ្នកប្រដាល់ជម្រើសជាតិ វី សុភ័ស ជួបជាមួយ ម៉ាង ព្រហ្មម៉ាញ ដែលហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិ
ដូចគ្នា ។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមដែរ ។
សម្រាប់ជំនួបរវាង អ្នកប្រដាល់ទាំង២រូបនេះ ទំនងជាសហព័ន្ធខ្លួនឯង មានការចាប់អារម្មណ៍ខ្លាំង ព្រោះក្នុងប្រភេទទម្ងន់ដូចគ្នាបែប
នេះនឹងត្រូវជម្រុះម្នាក់ចោលសម្រាប់ ស៊ីហ្គេមនៅវៀតណាម ។
ពួកគេជាអ្នកប្រដាល់ ដែលអស្ចារ្យដូចគ្នា ។ សុភ័ស មានកំពស់១,៧៣ម៉ែត្រ និងមានប្រវត្តិប្រកួតចំនួន ៣៧ដងឈ្នះ៣៣ដង ចាញ់
៣ដង និងស្មើពិន្ទុ ១ដង ។ ម៉ាង ព្រហ្មម៉ាញវិញគេមានកំពស់១,៧០ម៉ែត្រមានប្រវត្តិប្រកួត១១ដង ឈ្នះ១០ដង និងស្មើពិន្ទុ១ដងគេមិនធ្លាប់ជួប
បរាជ័យឡើយ ។ ជាអ្នកប្រដាល់ជម្រើសជាតិ ដូចគ្នានរណាជាអ្នកខ្លាំង ?
ចំពោះគូប្រកួត ក្នុងតំណែង គូឯកនោះ រឿម វណ្ណៈ ក្លិបនារាយណ៍តេជៈ ប្រកួតជាមួយ ផល សោភ័ណ្ឌ ក្លិបតាឡីដំរីមានរិទ្ធ ពួកគេប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ ជាអ្នកប្រដាល់ជើងចាស់ដូចគ្នា មិនដឹងថា នរណាទទួលជ័យជំនះ ក្នុងការប្រកួតនេះ ?
ចំពោះការប្រកួត ក្នុងតំណែងគូពិសេសវិញនោះ អំ ខេម ដែលជាអ្នកប្រដាល់ជម្រើសជាតិ នោះប្រកួតជាមួយថា រ៉ាវីមកពីសមាគម
ប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម ។ សុទ្ធតែជាអ្នកមានកណ្ដាប់ដៃខ្លាំងដូចគ្នាមិនដឹងថាអ្នកប្រដាល់រូបណា ជាអ្នកឈ្នះឡើយ ៕
ដោយ ៖ លី ភីលីព
