កីឡា

អ្នកលេងកណ្ដាប់ដៃ ទម្ងន់៦៣,៥០គីឡូក្រាម ៤រូប ប្រជែងគ្នាដណ្ដើមប្រាក់លាន

ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រដាល់សាកល ដែលគេប្រសិទ្ធិនាមថា ”Ultimate Boxing Championship“ ដែលរៀបចំឡើង ដោយសហព័ន្ធ
កីឡាប្រដាល់សាកលកម្ពុជា នៃថ្ងៃទី១០តុលានេះ អ្នកលេងកណ្ដាប់ដៃទម្ងន់៦៣,៥០គីឡូ ក្រាម ចំនួន៤រូប នឹងប្រជែងគ្នាដណ្ដើម យកលុយប្រាក់លាន ។

អ្នកប្រដាល់សែត សារិទ្ធ មកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុត្រូវជួបជាមួយអ្នកប្រដាល់ជើងខ្លាំងទូច ដេវីដមកពីក្រុមជម្រើសជាតិ ។សែត សារិទ្ធដែលមានកំពស់១,៧០ម៉ែត្រនោះគេមានប្រវត្តិប្រកួតចំនួន២៥ដង ឈ្នះ១៧ដង ចាញ់៥ដង និងស្មើពិន្ទុ៣ដង ។ ចំពោះអ្នកប្រដាល់ដេវីដ ដែលជាអ្នកប្រដាល់ ជម្រើសជាតិ នោះគេមានកំពស់១,៧០ម៉ែត្រដែរ គេមានប្រវត្តិប្រកួតចំនួន៣២ដង ឈ្នះ២៧ដង និងចាញ់ចំនួន៥ដង ។


សម្រាប់អ្នកប្រដាល់ ទាំង២រូបនេះ គេទំនងជាចាប់អារម្មណ៍លើ ទូច ដេវីដ ជាងហើយព្រោះគេជាអ្នកប្រដាល់ ដែលកំពុងតែហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិ ។ សារិទ្ធ ទោះបីគេមិនមែនជាអ្នកប្រដាល់ ដែលមានការចាប់អារម្មណ៍ច្រើន ក៏ពិតមែន ក៏គេជាអ្នកប្រដាល់ដែលមានប្រវត្តិ ប្រកួតមិនអន់នោះឡើយ ។
ដេវីដប្រសិនបើគេឈ្នះ ក្នុងការប្រកួតនេះគេនឹងកាន់តែអស្ចារ្យតែបើគេចាញ់វិញ នោះច្បាស់ជាមានគេបន្ទោសថា ហ្វឹកហាត់ក្នុងក្រុម
ជម្រើសជាតិហើយបែរជាចាញ់ ក្រោមកណ្ដាប់ដៃ អ្នកប្រដាល់ដែលសាមញ្ញ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ ជម្រើសជាតិវី សុភ័ស ជួបជាមួយម៉ាង ព្រហ្មម៉ាញ ដែលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ
ដូចគ្នា ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៣,៥០ គីឡូក្រាមដែរ ។
សម្រាប់ជំនួបរវាងអ្នកប្រដាល់ទាំង២ រូបនេះទំនងជាសហព័ន្ធខ្លួនឯង មានការចាប់អារម្មណ៍ខ្លាំង ព្រោះក្នុងប្រភេទទម្ងន់ ដូចគ្នាបែប
នេះនឹងត្រូវជម្រុះម្នាក់ចោលសម្រាប់ ស៊ីហ្គេមនៅវៀតណាម ។

ពួកគេជាអ្នកប្រដាល់ ដែលអស្ចារ្យដូចគ្នា ។សុភ័សមានកំពស់១,៧៣ម៉ែត្រ និងមានប្រវត្តិប្រកួតចំនួន ៣៧ដងឈ្នះ៣៣ដង ចាញ់
៣ដង និងស្មើពិន្ទុ ១ដង ។ ម៉ាង ព្រហ្មម៉ាញ វិញគេមានកំពស់១,៧០ម៉ែត្រ មានប្រវត្តិប្រកួត១១ដងឈ្នះ ១០ដង និងស្មើពិន្ទុ១ដងគេមិនធ្លាប់ជួបបរាជ័យឡើយ ។ជាអ្នកប្រដាល់ជម្រើសជាតិ ដូចគ្នានរណាជាអ្នកខ្លាំង ?

ចំពោះគូ ប្រកួត ក្នុងតំណែង គូឯកនោះរឿមវណ្ណៈក្លិបនារាយណ៍តេជៈប្រកួតជាមួយផល សោភ័ណ្ឌ ក្លិបតាឡីដំរី មានរិទ្ធពួកគេប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ ជាអ្នកប្រដាល់ជើងចាស់ដូចគ្នា មិនដឹងថានរណាទទួលជ័យជំនះ ក្នុងការប្រកួតនេះ ?
ចំពោះការប្រកួតក្នុងតំណែង គូពិសេសវិញនោះអំ ខេម ដែលជាអ្នកប្រដាល់ជម្រើសជាតិ នោះប្រកួតជាមួយថា រ៉ាវី មកពីសមាគម
ប្រដាល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម ។ សុទ្ធតែជាអ្នកមានកណ្ដាប់ដៃខ្លាំងដូចគ្នាមិនដឹងថាអ្នកប្រដាល់រូបណាជាអ្នកឈ្នះឡើយ ៕ដោយ៖លី ភីលីព

Most Popular

To Top