បរទេស៖ ប្រទេសរុស្ស៊ី បាននិយាយថា នាវាមួយគ្រឿង ក្នុងចំណោមនាវាយោធាខ្លួន បានដេញនាវាពិឃាតទ័ពជើងទឹកអាមេរិក ដែលមានបំណងបំពានដែនទឹករុស្ស៊ី នៅក្នុងអំឡុងសហសមយុទ្ធជើងទឹករុស្ស៊ី និងចិន នៅក្នុងសមុទ្រជប៉ុន កាលពីថ្ងៃសុក្រម្សិលមិញនេះ តែទីក្រុងវ៉ាស៊ីនតោន និយាយថា វាមិនពិតនោះទេ។
យោធាសហរដ្ឋអាមេរិក Chafee បាននិយាយថា នាវាពិឃាតសមត្ថភាពមីស៊ីល កំពុងតែធ្វើប្រតិបត្តិការតាមប្រក្រតី នៅក្នុងដែនទឹកអន្តរជាតិ នៅសមុទ្រជប៉ុន នៅពេលដែលនាវាពិឃាត រុស្ស៊ីមួយគ្រឿង ធ្វើដំណើរចូលក្នុងចម្ងាយ៦០ម៉ែត្រ ពីនាវាអាមេរិកនោះ ប៉ុន្តែការជួបគ្នានេះ ប្រព្រឹត្តទៅដោយសុវត្ថិភាព និងប្រកបដោយវិជ្ជាជីវៈ។
សេចក្តីថ្លែងការណ៍មួយ ពីយោធាសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី ស្តីពីការជួបគ្នា រវាងនាវាទ័ពជើងទឹកទាំងពីរនោះ គឺជារឿងមិនពិតនោះទេ។
សេចក្តីថ្លែងការណ៍ របស់យោធាអាមេរិកនោះ បាននិយាយបន្ថែមយ៉ាងដូច្នេះថា “គ្រប់ពេលវេលាទាំងអស់ នាវា USS Chafee បានធ្វើប្រតិបត្តិការដោយអនុលោម តាមច្បាប់និងទំនៀមរបស់អន្តរជាតិ”។
គួរបញ្ជាក់ថា នេះជាលើកទីពីរហើយ ក្នុងរយៈពេល៤ខែ ដែលប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានដេញនាវាចម្បាំង របស់ប្រទេសសមាជិកណាតូ ចេញពីដែនទឹករបស់ខ្លួន គឺនៅក្នុងខែមិថុនា រុស្ស៊ីបានចោទប្រកាន់ នាវាពិឃាតអង់គ្លេសមួយគ្រឿង ពីបទបំពានដែនទឹកខ្លួន នៅជិតតំបន់គ្រីមា ស្ថិតក្នុងសមុទ្រខ្មៅ៕ ប្រែសម្រួល៖ប៉ាង កុង