ភ្នំពេញ ៖ លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣(CAMSOC)បានដឹកនាំប្រជុំ ជាមួយគណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំដើម្បីជំរុញបន្ថែម ឲ្យដំណើរការឆ្ពោះ ទៅទទួលធ្វើម្ចាស់ផ្ទះ SEA GAMES-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា អ្វីដែលសំខាន់នៅក្នុងប្រជុំថ្ងៃនេះ គឺផ្តោតសំខាន់ ទៅលើការត្រួតពិនិត្យ វាយតម្លៃ និងភាពលម្អិតលើវឌ្ឍនភាព ការងាររបស់គណៈកម្មការ ស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ដែលជាគណៈកម្មការ សំខាន់មួយក្នុង ការធ្វើបដិសណ្ឋាកិច្ច ទទួលស្វាគមន៍ភ្ញៀវ និងធ្វើឲ្យភ្ញៀវមានភាពកក់ក្តៅ នៃការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ SEA GAMES-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។
លោកបន្ដ ថាដោយបានទទួល បានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថាក្នុងឋានៈម្ចាស់ផ្ទះ ធ្វើយ៉ាងណាឲ្យការទទួលភ្ញៀវ ទទួលបានកិត្តិយសល្អ សេចក្តីថ្លៃថ្នូ ក្រៅអំពីការប្រកួតកីឡា ។ ដូច្នេះនៅក្នុងកិច្ចប្រជុំថ្ងៃនេះ យើងបានលម្អិតអំពីថា តើការដឹកជញ្ជូនត្រូវការ រថយន្តប៉ុន្មាន កន្លែងស្នាក់នៅហូបចុកត្រូវរៀបចំ យ៉ាងណាបន្ថែម ក្រៅពីភូមិកីឡា ដែលជាកន្លែងស្នាក់នៅ ហូបចុករួម ។ ជាមួយគ្នានោះ សណ្ឋាគារហ្គាឌិនស៊ីធី ដែលនៅជិតនឹងពហុកីឡដ្ឋានជាតិ មរតកតេជោ នឹងប្រើប្រាស់សម្រាប់ ធ្វើជាការិយាល័យកណ្តាល នៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលជាការិយា ល័យធំ សម្រាប់ការរៀបចំការប្រកួតកីឡាស៊ីហ្គេម ឲ្យទទួលបានជោគជ័យ ។
ការិយាល័យកណ្តាលធំ នៅសណ្ឋាគារនេះ គឺនៅជិតពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាកន្លែងប្រកួតកីឡាមួយ ភាគធំនៅទីនេះ ហើយវានឹងផ្តល់ភាពងាយស្រួល ដល់ការគ្រប់គ្រង ដឹកនាំ និងដោះស្រាយបញ្ហាផ្សេងៗ បានទាន់ពេលវេលាផងដែរ ។ ក្រៅពីនេះ សណ្ឋាគារ សុខា ក៏ជាកន្លែងត្រៀម ទទួលភ្ញៀវកិត្តិយសថ្នាក់ខ្ពស់ៗ ដូចជាប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល នៃបណ្តាប្រទេស អាស៊ីអាគ្នេយ៍ ព្រមទាំងត្រៀម ទទួលប្រធានអូឡាំពិកអន្តរជាតិ ប្រធាន អូឡាំពិកអាស៊ី និងប្រតិភូសហព័ន្ធកីឡាអន្តរជាតិ មកពីជុំវិញពិភពលោក ដែលមកជួយដល់ការ រៀបចំស៊ីហ្គេម នៅកម្ពុជា ឆ្នាំ២០២៣ផងដែរ ។
ជាមួយគ្នានេះ គណៈកម្មការជំនាញនេះ ក៏បានបង្ហាញពីវឌ្ឍន ភាពការងារ យ៉ាងលម្អិតពីភារកិច្ចមួយទៅភារកិច្ចមួយទៀត ក្នុងការត្រៀមរៀបចំការ ដឹកជញ្ជ្ជូន-ស្នាក់នៅ-ហូបចុក ពីព្រលានយន្តហោះ ទៅកន្លែងស្នាក់នៅ ពីកន្លែងស្នាក់នៅទៅកន្លែងហ្វឹកហាត់ និងពីកន្លែងស្នាក់នៅទៅទីលានប្រកួត និងត្រឡប់ពីការប្រកួតវិញជាដើម ។
បច្ចុប្បន្ន CAMSOC បានបែងចែកនូវទីលានប្រកួតរួចហើយ ដូចជាពហុកីឡដ្ឋានជាតិ មករតកតេជោ ស្តាតចាស់ ស្តាតអូឡាំពិក សាលពិព័រណ៌អន្តរជាតិ ជ្រោយចង្វារ របស់ក្រុមហ៊ុន OCIC(សម្រាប់ប្រភេទកីឡាក្នុងសាល) ដោយគណៈកម្មការជំនាញនេះ នឹងប្រើប្រាស់យន្តការ នៃការផ្សាភ្ជាប់ទំនាក់ទំនង នៃការដឹកជញ្ជូនទៅកាន់គ្រប់ ទីកន្លែងទាំងអស់នោះ។
ការដឹកជញ្ជូននេះ ក៏បានរៀបចំផែនការ រួចរាល់អស់ហើយៗ យើងនឹងផ្សារភ្ជាប់ជាមួយនឹងសន្តិសុខ សណ្តាប់ធ្នាប់-ចរាចរណ៍។ ក្នុងនោះមានផ្លូវ SEA GAMES កំណត់អទិភាព សម្រាប់ការ ដឹកជញ្ជូនតាមដងផ្លូវ SEA GAMES នេះមិនធ្វើឲ្យមហាជន ធ្វើដំណើរ លើផ្លូវស៊ីហ្គេមនេះទេ ។ ទាំងអស់នេះ គឺជាការគិតគូយ៉ាង លម្អិត ដើម្បីជំរុញឲ្យការទទួលបដិសណ្ឋារកិច្ច របស់ម្ចាស់ផ្ទះកម្ពុជាជូនដល់ភ្ញៀវ ស៊ីហ្គេមទាំងអស់ ប្រកបដោយភាពកក់ក្តៅ កិត្តិយស និង ជោគជ័យជាប្រវត្តិសាស្ត្រផងដែរ ។
នៅក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិតថោង ខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់គណៈកម្មការជំនាញ និងការផ្តល់ មតិយោបល់ ហើយក្នុងថានៈជាម្ចាស់ផ្ទះយើង ក៏បានដាក់ក្ដីសង្ឃឹមលើកម្លាំងសាមគ្គីភាព កាន់តែល្អប្រសើរ ពីមួយជំហាន ទៅមួយជំហាន នៃដំណើរឆ្ពោះ ទៅទទួលធ្វើម្ចាស់ផ្ទះ SEA GAMES-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ៕ដោយ៖លី ភីលីព