បរទេស៖ អ្នកតំណាងជាន់ខ្ពស់ សហរដ្ឋអាមេរិក នៅកោះតៃវ៉ាន់ លោកស្រី Sandra Oudkirk បាននិយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តជួយកោះតៃវ៉ាន់ ឲ្យធ្វើកិច្ចការពារខ្លួនឯង ស្របពេលដែលភាពតានតឹង កើនកម្តៅខ្លាំងឡើង រវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតដំបូងបំផុត របស់លោកស្រី ចាប់តាំងពីទទួលតំណែងថ្មីនេះ នៅក្នុងខែកក្កដាមក លោកស្រីបានពិពណ៌នា ចំណងមិត្តភាព របស់សហរដ្ឋអាមេរិក ជាមួយកោះតៃវ៉ាន់ ថាមានភាពរឹងមាំដូចជាថ្ម នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Today World នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។
លោកស្រី Sandra Oudkirk ជាប្រមុខនៃវិទ្យាស្ថានអាមេរិក នៅតៃវ៉ាន់ ដែលដើរតួនាទីជាតំណាងស្ថានទូត ក្នុងដំណើរអវត្តមាន ចំណងមិត្តភាព ការទូតផ្លូវការនោះ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្ត ជួយផ្តល់ឲ្យកោះតៃវ៉ាន់ សម្រាប់កិច្ចការពារខ្លួនឯង”។
គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់លោកស្រី គឺត្រូវបានធ្វើឡើង ស្របពេលដែលភាពតានតឹង រវាងកោះតៃវ៉ាននិងចិនដីគោក ដែលមិនធ្លាប់បដិសេធ ក្នុងការប្រើប្រាស់កម្លាំង ដណ្ដើមយកកោះកាន់លទ្ធិប្រជាធិបតេយ្យ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់ខ្លួននេះ ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ បានកើនកម្តៅខ្លាំងឡើង៕
ប្រែសម្រួល៖ប៉ាង កុង