ព័ត៌មានអន្តរជាតិ

មេដឹកនាំ ពួកសកម្មប្រយុទ្ធឥស្លាម ហ្វីលីពីននិងភរិយា ស្លាប់ក្នុងពេលប្រយុទ្ធ

បរទេស៖ កងទ័ពហ្វីលីពីន តាមសេចក្តីរាយការណ៍ បានសម្លាប់មេដឹកនាំ ពួកសកម្មប្រយុទ្ធនិងភរិយា នៅក្នុងថ្ងៃសុក្រនេះ ជារឿងមួយដែលមន្ត្រីយោធានានានិយាយថា ជាការវាយប្រហារដ៏ធំចំពោះក្រុមពួកសកម្មប្រយុទ្ធ ដែលជាប់សង្ស័យ ធ្វើការបំផ្ទុះគ្រាប់បែក និងវាយប្រហារ ជាបន្តបន្ទាប់ នៅក្នុងភាគខាងត្បូងប្រទេសហ្វីលីពីន។

យោធានៃប្រទេសហ្វីលីពីន បាននិយាយប្រាប់ថា លោក Salahuddin Hassan ជាមេដឹកនាំនៃក្រុមឥស្លាមជ្រុលនិយម Daulah Islamiyah ជាជនជាតិហ្វីលីពីន និងភរិយារបស់លោក ឈ្មោះ Jehana Minbida ត្រូវបានស្លាប់បាត់បង់ជីវិត ក្នុងប្រតិបត្តិការពិសេសមួយនៅក្នុងទីក្រុង Talayan ខេត្ត Maguindanao។

យោងតាមសម្តីយោធាហ្វីលីពីន ពួកសកម្មប្រយុទ្ធជាច្រើននាក់ នៅរួមជាមួយប្តីប្រពន្ធនេះ មានបំណងធ្វើការគេចខ្លួន នៅក្នុងអំឡុងពេល ធ្វើការប្រយុទ្ធគ្នា ដោយកាំភ្លើងរយៈពេល៣០នាទី ជាមួយកងទ័ព នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ Alfredo Rosario Jr. ជាមេបញ្ជាការនៃទីបញ្ជាការ Western Mindanao របស់យោធាហ្វីលីពីន បានមានប្រសាសន៍ថា “ជាមួយការស្លាប់ របស់មេដឹកនាំពួកគេនេះ យើងប្រាកដចិត្តថា ក្រុមនេះនឹងដួលរលំ ហើយនេះគឺជារឿងដ៏សំខាន់មួយ ក្នុងយុទ្ធនាការរបស់យើង ប្រឆាំងអំពើភេរវកម្ម នៅក្នុងខេត្ត Mindanao ភាគកណ្ដាល”៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top