បរទេស ៖ សមាជិកព្រឹទ្ធសភា៣រូប មកពីគណបក្សសាធារណរដ្ឋ នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថា ពួកគេបានចេញ សេចក្តីព្រាងច្បាប់ លើកលែងការដាក់ទណ្ឌកម្មលើប្រទេសឥណ្ឌា សម្រាប់ការទិញ ប្រព័ន្ធការពារ មីស៊ីលរុស្ស៊ី S-400 ដោយលើកឡើងពីសារៈសំខាន់ នៃការធ្វើការងារ ជាមួយសម្ពន្ធមិត្ត ដើម្បីទប់ទល់នឹងប្រទេសចិន ។
សេចក្តីព្រាងច្បាប់ពីសមាជិកព្រឹទ្ធសភា គឺលោក Ted Cruz លោក Todd Young និង លោក Roger Marshall នេះ នឹងបង្កើតការលើកលែង រយៈពេល១០ឆ្នាំ សម្រាប់ប្រទេសជាសមាជិក នៃកិច្ចព្រមព្រៀង សន្តិសុខចតុភាគី មានអូស្ត្រាលី ជប៉ុននិងឥណ្ឌា ឲ្យរួចពីទណ្ឌកម្មដែលដាក់ដោយច្បាប់ CAATSA បង្កើតក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងដាក់ពិន័យប្រទេស ដែលធ្វើពាណិជ្ជកម្ម យោធារុស្ស៊ី ។
សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ លោក John Cornyn និងសមាជិកព្រឹទ្ធសភាមកពីគណបក្ស លទ្ធិប្រជាធិបតេយ្យ លោក Mark Warner នៅក្នុងលិខិតមួយ ដែលប្រគល់ជូន លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន កាលពីថ្ងៃអង្គារ បានស្នើឲ្យមានការលើកលែងមួយ ដោយផ្អែកលើសន្តិសុខជាតិ និង សហប្រតិបត្តិការកាន់តែទូលំទូលាយ ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ថ្មីនេះ បានបន្ថែមទៅលើសំណើក្នុងរដ្ឋសភា ដែលស្នើឲ្យធ្វើការលើកលែង ការដាក់ទណ្ឌកម្ម សម្រាប់ប្រទេសឥណ្ឌា៕
ប្រែសម្រួល៖ប៉ាង កុង