បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថាស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos និងមូលនិធិ Bezos Earth Fund របស់លោកបានប្រកាស សន្យាផ្តល់ជាថវិកាក្នុងទំហំ រហូតទៅដល់ជាង២ពាន់លានដុល្លារ ដើម្បីអាចយកមកប្រើប្រាស់ លើកិច្ចការងារស្តាធម្មជាតិឡើងវិញ ជាពិសេសការកែទំរង់ នៃប្រព័ន្ធចំណីអាហារ របស់សកលលោកផងដែរ។
ថ្លែងនៅក្នុងកម្មវិធីប្រជុំ COP26 នាទីក្រុង Glasgow លោកបាបញ្ជាក់ថា ទោះជាបីកន្លងមក លោកធ្លាប់បានធ្វើដំណើរ ទៅដល់ទីអវកាសដោយផ្ទាល់ខ្លួនក្តី ប៉ុន្តែទឹកចិត្តស្រឡាញ់ និងចង់ថែរក្សាធម្មជាតិ នៅលើភពផែនដីនៅតែមាន។
គួរឲ្យដឹងដែរថា កន្លងមកលោក Bezos និងក្រុមសហគ្រិនជោគជ័យធំៗ លើលោកតែងតែត្រូវបានគេរិះគន់ថា បានចំណាយលុយដ៏ច្រើនលើសលប់ សម្រាប់តែកិច្ចការងារធ្វើដំណើរ ទៅកាន់ភពអវកាស ជាជាងការជួយដល់ភពផែនដី។
គិតមកដល់បច្ចុប្បន្ននេះ បូករួមទាំងជំនួយចុងក្រោយនេះផងដែរ លោក Bezos និង Bezos Earth Fund របស់លោក នឹងត្រូវចំណាយប្រាក់សរុប ប្រមាណជា១០ពាន់លានដុល្លារមកហើយ ដើម្បីយកទៅប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងបម្រែបម្រួលអាកាសធាតុ របស់ពិភពលោក៕ ប្រែសម្រួល៖ស៊ុនលី