ភ្នំពេញ៖ជាមួយនឹងស្ថានភាពមេរោគ COVID-19 មានភាពធូរស្រាល និងរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញនោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រកាសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរនៅខេត្តសៀមរាបនឹងធ្វើឡើងវិញហើយ ។
សម្រាប់ឆ្នាំនេះគឺជាការរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៦ហើយ តាមការគ្រោងទុកព្រឹត្តិការណ៍នេះនឹងធ្វើនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ។ ព្រឹត្តិការណ៍ធ្លាប់មានអ្នកចូករួមជាង១០.០០០នាក់ដែលមានអ្នករត់មកពីទ្វីបទាំង៥លើពិភពលោកនោះឆ្នាំនេះត្រូវបានកំណត់យកចំនួនតែ២.៥០០នាក់ប៉ុណ្ណោះ ។
អ្វីៗត្រូវបានកាត់បន្ថយដូចជាកម្មវិធីជប់លៀង កម្មវិធីជួបជុំគ្នារួមជាមួយនឹងកម្មវិធីមិនចាំបាច់មួយចំនួនត្រូវបានលុបចោល ។អត្តពលិករត់ប្រណាំងត្រូវបានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចរាល់។រៀបចំធ្វើតេស្តមុននឹងចូលទីលានរត់ប្រណាំងរក្សាគម្លាត១,៥០ម៉ែត្រពីគ្នាដោយតម្រៀបជាជួរវែងតែរត់តាមក្រុមចម្ងាយផ្លូវដែលបានកំណត់ ។
អ្នកចូលរួមរត់ប្រណាំងត្រូវបានកំណត់យកតែប្រជាពលរដ្ឋកម្ពុជានិងជនបរទេសដែលកំពុងតែស្នាក់នៅកម្ពុជាគឺទាំងអ្នករត់ជនជាតិកម្ពុជា និង បរទេសរក្សាចំនួនតែ២.៥០០នាក់ ។ មុនចេញដំណើរត្រូវពាក់ម៉ាស់រហូតដល់រយៈចម្ងាយ២០០ ម៉ែត្រទើបអនុញ្ញាតឲ្យដោះម៉ាស់ចេញ ហើយការថែទាំសុខភាពនិងប្រព័ន្ធរក្សាសុវត្ថិភាពត្រូវបានរៀបចំយ៉ាងហ្មត់ចត់ និង តឹងរ៉ឹងជាទីបំផុត ។
ដោយឡែកនៅក្នុងសេចក្ដីអំពាវនាវរបស់គណៈកម្មាធិការម៉ារ៉ាតុងដោយសារតែចំនួនអ្នកចូលរួមត្រូវបានកំណត់យកតែ២.៥០០នាក់នោះគណៈកម្មការសម្រេចផ្ដល់អាទិភាពដល់កីឡាករ កីឡាការិនីដែលបានចុះឈ្មោះរត់ប្រណាំងកាលពីឆ្នាំកន្លងទៅ(២០២០)មកចុះឈ្មោះរត់ប្រណាំងពីថ្ងៃទី៤ដល់ថ្ងៃទី២២វិច្ឆិកា២០២១ ។
កីឡាករ-កីឡាការិនីចុះឈ្មោះថ្មី(អ្នកដែលមិនបានចុះឈ្មោះរត់ក្នុងឆ្នាំ២០២០)សូមទំនាក់ទំនងចុះឈ្មោះចាប់ពីថ្ងៃទី២៣ វិច្ឆិកាដល់ថ្ងៃទី១ធ្នូឆ្នាំ២០២១ ។ ទាំងប្រជាជនកម្ពុជា និង បរទេសដែលស្នាក់នីអាចិន្ត្រៃយ៍នៅកម្ពុជាអាចចុះឈ្មោះតាមអាស័យដ្ឋាន#ផ្ទះលេខ79CE0 ,ផ្លូវលេខ១៥៥
សង្កាត់ទួលទំពូង ១ខ័ណ្ឌចំការមនរាជធានីភ្នំពេញទូរស័ព្ទទំនាក់ទំនង០២៣ ២១៣ ៥២៥ / ០១៥ ២១៣ ៥២៥ / ០៦៩ ២១៣ ៥២៥ និងតាមគេហទំព័រ WWW.cambodia-event_org ឬ តាមរយៈអ៊ីម៉េលreg@cambodia-event.org ៕ ដោយ៖លី ភីលីព